លោក តាន់ ប៊ុនហុង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី០២ខ្នង ស្មើនឹង០៤បន្ទប់ នៅស្រុកសណ្តាន់ និងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

(កំពង់ធំ)÷ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីចំនួន០២ខ្នង ស្មើនឹង០៤បន្ទប់ ហើយអគារសិក្សា០១ខ្នង មាន០២បន្ទប់ នៅសាលាបឋមសិក្សាជាន់លែង ក្នុងឃុំមានជ័យ ស្រុកសណ្តាន់ និងអគារសិក្សា០១ខ្នង មាន០២បន្ទប់ទៀត នៅសាលាបឋមសិក្សាចារ្យជ្រុំ ស្ថិតក្នុងឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាថ្ងៃទី២៩  ខែឧសភា  ឆ្នាំ២០២៦។

ពិធីសម្ពោធនេះបានប្រព្រឹត្តដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនស៊ូស៊ូ យ៉ូស៊ីដូ ខូអិលធីឌិ(SUZUYOSHIDO CO., LTD) តំណាងអង្គការរស្គូល អេដ ជែភែន(School Aid Japan )រដ្ឋបាលស្រុក អាជ្ញាធរដែនដីភូមិ-ឃុំ សហគមន៍ លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ដែលមានចំនួនសរុបប្រមាណ ៤៤៦នាក់ ស្រី ២២៩នាក់។

នៅក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សលោក តាន់ ប៊ុនហុង បានលើកឡើងពីសមិទ្ធផលផ្នែកហេដ្ឋារចនាសម្ព័ន្ធអប់រំទាំងនេះ ដែលចេញជារូបរាងជាអគារសិក្សាដ៏ថ្មីទាំង២កន្លែងនេះ ត្រូវបានសាងសង់ឡើងក្រោមការឧបត្ថម្ភគាំទ្រយ៉ាងថ្លៃថ្លាពី ក្រុមហ៊ុនស៊ូស៊ូ យ៉ូស៊ីដូ ខូអិលធីឌិ(SUZUYOSHIDO CO., LTD) តំណាងអង្គការរស្គូល អេដ ជែភែន(School Aid Japan ) ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅតាមតំបន់ជនបទ។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ លោកប្រធានមន្ទីរអប់រំ បានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើយ៉ាងម៉ឺងម៉ាត់ដល់លោកនាយក លោកគ្រូអ្នកគ្រូ ឱ្យរួមគ្នាថែរក្សាការពារអគារសិក្សាថ្មីនេះ រួមទាំងសម្ភារៈបរិក្ខារផ្សេងៗដែលសប្បុរសជនបានឧបត្ថម្ភ ឱ្យបានគង់វង្សយូរអង្វែង សម្រាប់ជាប្រយោជន៍ដល់ក្មេងៗជំនាន់ក្រោយ។ ទន្ទឹមនឹងនេះ លោកក៏បានដាស់តឿនដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ ស្ដាប់បង្គាប់គ្រូ និងឪពុកម្ដាយ ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាសិស្សល្អ កូនល្អ និងមិត្តល្អនៅក្នុងសង្គម ក្លាយជាពលរដ្ឋពេញលេញ

ជាមួយគ្នានោះដែរ តំណាងអង្គការស្គូល អេដ ជែភែន(School Aid Japan) ក៏បានថ្លែងសារលើកទឹកចិត្តយ៉ាងជ្រាលជ្រៅ ដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ចេះបង្កើតក្តីស្រមៃប្រចាំជីវិត (Dream  for life) និងត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តសកម្មភាពនានាក្នុងការសិក្សា ដើម្បីប្រែក្លាយក្តីស្រមៃទាំងនោះឱ្យលេចចេញជារូបរាង និងទទួលបានជោគជ័យនាពេលអនាគត។ អត្ថបទមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ។