នៅរសៀល ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីទទួលទេយ្យទានពីសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ប្រធានថេរសភានៃព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា និង ជាព្រះចៅអធិការវត្តព្រះរាជ បូណ៌ ដើម្បីអបអរខួបទី ១៦៣ ទិវាពិភពលោកកាកបាទក្រហមកម្ពុជា និងដើម្បីចូលរួមចំណែកជួយសម្រាលទុក្ខលំបាករបស់គ្រួសាររងគ្រោះ និងងាយរងគ្រោះបំផុត នៅក្នុងសហគមន៍ តាមរយៈកាកបាទក្រហមកម្ពុជា។ទេយ្យទានដែលបានទទួលនា ពេលនោះមាន១៤មុខ មាន- ស្រាក់ ១០០ . – ជើងពាន ១០០ . – ទឹកត្រី ៥០យួរ . ទឹកស៊ីអ៊ី ៥០យួរ . មី ៣០កេស . អង្ករ ២តោន . – ទឹកបរិសុទ្ធ ៣០កេស .- អាវយឺត ១០០ .- ខោទឹកនោមកូនក្មេង ២៤០ និង – ខ្ទះឆា ១០ .- ឆ្នាំង ៣០ . កំសៀវ ៣០ . ត្បាល់បុក ៧ . និង ថវិកាចំនួន ៩លានរៀល ផងដែរ។



សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ មានសង្ឃដីកាថា ព្រះអង្គមានការគាំទ្រ និង ទឹកព្រះទ័យ រីករាយ ចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសង្គ្រោះ ក៏ដូចជាជួយសម្រាលទុក្ខលំបាក របស់ញោមញាតិទីទ័លក្រ នៅគ្រប់ទីកន្លែង សំខាន់ប្រជាពលរដ្ឋភៀសសឹក ។ គ្រឿងឧបភោគបរិភោគ និងសម្ភារៈ ដែលប្រគល់ជូនដល់សាខាកាកបាទក្រហមខេត្ត នាពេលនេះ គឺបានមកពីការប្រគេនរបស់ពុទ្ឋបរិស័ទក្នុងពិធីបុណ្យផ្សេងៗ នាពេលកន្លងមក ហើយក៏បានសន្សំ និងប្រមូលបម្រុងទុកសម្រាប់ចែកជូនគ្រួសារ ឬ អាជ្ញាធរមូលដ្ឋានណាដែលជួបហានិភ័យដោយប្រការផ្សេងៗ សម្រាប់ដោះស្រាយការលំបាកមួយគ្រាៗ តាមលទ្ឋភាព។




មានប្រសាសន៍ក្នុងឱកាសនោះដែរ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ ក៏បានថ្លែងអំណរព្រះគុណ ចំពោះព្រះទ័យដ៏សប្បុរសធម៌ របស់សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ដែលមានព្រះទ័យទុកដាក់ប្រទាននូវទេយ្យ ទាន គ្រឿងឧបភោគបរិភោគនេះ សបញ្ជាក់ពីព្រះទ័យ ដ៏មនុស្សធម៌ ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់ព្រះសង្ឃ ក្នុងវិស័យអាណាចក្រ ជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ។ លោកជំទាវ បានបញ្ជាក់ថា គ្រឿងឧបភោគបរិភោគនិងសម្ភារ: ប្រើប្រាស់ទាំងនេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត នឹង យកទៅប្រើប្រាស់ឲ្យ ចំគោលដៅមនុស្សធម៌ នៅពេលដែលប្រជាពលរដ្ឋ យើងទទួលរងនូវគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៕



