កំពង់ធំ÷ ក្នុងសប្ដាហ៍នេះកម្លាំងកងរាជអាវុធហត្ថខេត្តចំនួន០៨នាក់រថយន្ត០៤គ្រឿង ដឹកនាំដោយលោកវរសេនីយ៌ត្រី ព្រហ្ម វាសនា ប្រធានមន្ទីរស្តីទី និងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកសាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានចុះបង្ក្រាបករណីឈូសឆាយដីព្រៃខុសច្បាប់ ចំនួន០២គោលដៅផ្សេងគ្នា នៅចំនុចភូមិ ស្រែក្រសាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ។

 ជាលទ្ធផលសរុបក្នុងសប្ដាហ៍នេះក្រោយការចុះបង្ក្រាបដកហូតត្រាក់ទ័រ០២គ្រឿងម៉ាកគូបូតានិងដកហូតគ្រឿងចក្រ អេស្កាវ៉ាទ័រ (AX)បានចំនួន០៣គ្រឿង ម៉ាក Cat យកមករក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីធ្វើកំណត់ហេតុប្រគល់អោយជំនាញរដ្ឋបាលព្រៃឈើចាត់ការតាមនិតិវិធី។

 លោក ហង្ស ថុល មេបញ្ចាការកងរាជអាវុធហត្ថខេត្តកំពង់ធំបានមានប្រសាសន៍ថា​ការចុះបង្រ្កាប់គ្រឿងចក្រឈូសឆាយដីព្រៃខុសច្បាប់ខាងលើនេះ​ គឺលោកយល់ថាប្រសិនបើមិនខុសច្បាប់ទេនោះម្លេះគេមិនចុះបង្រ្កាប់នោះទេ​ តែបើចង់ដឹងច្បាស់គឺសួរទៅលោកព្រះរាជអាជ្ញាគាត់ជាអ្នកចុះទៅបង្រ្កាប់។

 លោក​ សាយ​វាសនា​ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំបានមានប្រសាសន៍នៅរសៀលថ្ងៃទី៣១ ខែ​ឧសភា ឆ្នាំ២០២០ថា​ ការចុះបង្រ្កាប់ការឈូសឆាយព្រៃខាងលើនេះ​បើតាមការពិនិត្យជាក់ស្ដែងដីនោះជាប្រភេទដីព្រៃសុទ្ធសាត​មិនមែនជាដីច្បារឬដីចំការរបស់ពលរដ្ននោះទេ ដូច្នេះយើងក៏ធ្វើការបង្រ្កាប់ដោយរឹបអូសយកគ្រឿងចក្រអេស្កាវ៉ាទ័រ (AX)បានចំនួន០២គ្រឿង ម៉ាក Cat បានបញ្ចូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីធ្វើកំណត់ហេតុប្រគល់អោយជំនាញរដ្ឋបាលព្រៃឈើចាត់ការតាមនិតិវិធី៕ប៊ុនរិទ្ធី​ ព័ត៏មានបឋម