ខេត្តសៀមរាប÷ វត្ថុតាងនិងសារធាតុ ចំនួន៩ប្រភេទរួមទាំងឧបករណ៍ប្រើប្រាស់ពាក់ព័ន្ឋទំងន់សរុបជាង២១១គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល នាព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសដែលរដ្ឋបាលខេត្តសៀមរាបនិងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋយុវជនយុវវ័យសិស្សានុសិស្សឲ្យ ជៀសឆ្ងាយពីគ្រឿងញៀន ក្រោមប្រធានបទ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត” ។



វរៈសេនីយទោ ចាប ណារិន ស្នងការរងទទួលផែនបទល្មើសប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត បង្ហាញថា៖ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ស្នងការដ្ឋានខេត្ត បានបង្រ្កាបគ្រឿងញៀនសរុប៣០៣ករណី ឃាត់ខ្លួនជនសង្ស័យចំនួន១.២០០នាក់ (ស្រី៧៤នាក់) បានដកហូតវត្ថុតាងគ្រឿងញៀនប្រមាណ ១១,៧៥៥.៤៣ក្រាម។ ក្នុងឆមាសទី១ ឆ្នាំនេះ បានធ្វើការផ្សព្វផ្សាយ និងអប់រំអំពីខ្លឹមសារប្រយុទ្ធប្រឆាំង នឹងគ្រឿងញៀន សរុបចំនួន ៦ ១៣០លើក អ្នកចូលរួមសរុប ៣៩៩ ៦២២នាក់ (ស្រី ២៤៦ ៣៥២នាក់) ។
ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបានឲ្យដឹងថា៖ សារធាតុញៀន និងឧបករណ៍ផ្សេងៗដែលពាក់ព័ន្ធនឹងការផលិត ការជួញដូរ ការចែកចាយ ដែលបានបង្រ្កាបបាននាពេលកន្លងមក ហើយត្រូវបានយកមកដុតបំផ្ទាញចោលនៅពេលនេះ រួមមាន ម្សៅក្រាមពណ៌សថ្លា ថ្នាំគ្រាប់ច្រើនប្រភេទ មាន១០ប្រភេទ ទម្ងន់ ២១១គីឡូក្រាម ៧៣១ ក្នុងនោះរួមមាន៖គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន , ហ្វេរ៉ូអ៊ីន , កេតាមីន ,មេតំហ្វេតាមីនគ្រាប់ ,MDMAកញ្ចប់ និង MDMAគ្រាប់ , កញ្ឆាក្រៀម , ប្រេងកញ្ឆា បារីអេឡិចត្រូនិច រួមនិងសម្ភារៈឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។ ឯកឧត្តមព្រះរាជអាជ្ញា ក៏បានផ្ញើសារទៅដល់យុវជន និងពលរដ្ឋទូទៅឲ្យចាកឆ្ងាយពីគ្រឿងញៀន ព្រោះថា គ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ ។ គ្រឿងញៀនបំផ្លាញ ការសិក្សា និង ជីវិតស្រស់ថ្លារបស់ យុវជន ដែលជាសសរគ្រឹះប្រទេសជាតិ ។






លោក យុន លីនណេ អភិបាលរងខេត្ត បានអានសារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលក្នុងសារលិខិតនោះបានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន យុវនារី សិស្សានុសិស្ស សូមទាញយក និងប្រើប្រាស់ឲ្យបានទូលំ ទូលាយនូវកម្មវិធីទូរស័ព្ទដៃ No Drug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាឃ្លាំងនៃ ចំណេះដឹង និងប្រព័ន្ធអប់រំដ៏មានវិសាលភាពមួយ សម្រាប់ទទួលបានការកម្សាន្តបែបអប់រំ, ខ្លឹមសារមេ រៀនសំខាន់ៗ សម្រាប់ប្អូនៗក្មួយៗសិក្សាយល់ដឹង និងជាវិញ្ញាសាត្រៀមប្រឡងនានា, ព័ត៌មាន ទាន់ហេតុការណ៍ទាំងជាតិ និងអន្តរជាតិ ពាក់ព័ន្ធពីបញ្ហាគ្រឿងញៀន និងដើម្បីស្វែងយល់ពីសេវា បន្សាបព្យាបាល និងស្តារនីតិសម្បទា។ គ្រប់អង្គភាព និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តអនុវត្តបទបញ្ជាលេខ០១ បប ដោយត្រូវត្រួតពិនិត្យ ជាប្រចាំ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ និងត្រូវមានវិធានការទាន់ពេលនិងម៉ឺងម៉ាត់បំផុត ចំពោះមន្ត្រីទាំងឡាយណា ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីលើកកម្ពស់ភាពស្អាតស្អំ និងគំរូ នៃការអនុវត្តច្បាប់ ស្របតាមគោលការណ៍ សម្អាតផ្ទះយើង”និង “សម្អាតចកចេញពីបឹង”។






ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន មានប្រសាសន៍ថា៖ទិវាគ្រឿងញៀននេះ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាទិវាដ៏មានសារៈសំខាន់មួយ សម្រាប់រំលឹកដល់ប្រជាពលរដ្ឋ ក៏ដូចជាបង្ហាញនូវការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក។ឯកឧត្ដម ថោង សុគន្ឋា បានសំណូមពរដល់បងប្អូនគ្រប់ស្រទាប់វ័យ គ្រប់មជ្ឈដ្ឋាន និងគ្រប់វិស័យ សូមបន្តអនុវត្តស្មារតី គឺចាត់ ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលត្រូវចូលរួមដោះស្រាយនិងលុបបំបាត់ទាំងអស់គ្នា និងបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ភាគីពាក់ព័ន្ធនិងវិស័យឯកជន សូមចូលរួមបង្ការ និងលើកកម្ពស់ការផ្សព្វផ្សាយ អប់រំ ឱ្យបានទូលំទូលាយ ប្រកបដោយភាពទាក់ទាញ និងមានប្រសិទ្ធភាព។ ជាពិសេសបំផុសឲ្យមានការចូលរួមប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ No Drug ឱ្យបានច្រើនផុលផុសគឺ មានន័យថាបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីឈានដល់ការកាត់ផ្តាច់ឬសគល់នៃបញ្ហាគ្រឿងញៀន។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ជនរួមជាតិទាំងអស់ សំខាន់ស្រទាប់យុវវ័យដែលកំពុងសិក្សា ត្រូវចងចាំថា គ្រឿងញៀន មិនមែនជាឱសថសម្រាប់ជួយបំបាត់ទុក្ខព្រួយ ជួយឲ្យរៀនពូកែ ជួយលើកកម្លាំង និង ធ្វើឲ្យសម្រស់កាន់តែស្អាតនោះទេ ។ ផ្ទុយទៅវិញការប្រើប្រាស់គ្រឿងញៀននាំឲ្យខូចសុខភាព បង្កបញ្ហាដល់ក្រុមគ្រួសារ ដល់សង្គមជាតិ ខុសច្បាប់ ខូចអនាគត និងស្លាប់ទៀតផង ៕








