ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ដាក់​ចេញ​បទបញ្ជារ ចំនួន​ បី​ចំណុច​ ស្តីពី​ការ​ ការពារ​ ទប់ស្កាត់​ និង​បង្ក្រាបបទល្មើសនេសាទខុសច្បាប់ និងឧបត្ថម្ភស្បៀងអាហារ ប្រេងឥន្ធនៈ ជូនដល់កងកម្លាំងចម្រុះកំពុងប្រចាំការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំ ពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។

លោក​អនុសេនីយ៍​ឯក​ ហែម​ ថន​ នាយ​ទាហាន​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ប្រធាន​ទីបញ្ជាការស្រាល​ និងលោក យ៉ាន​ លីម​ មន្រ្ដី​ជល​ផល​ជាប់​កិច្ចសន្យា​ តំណាង​ឲ្យ​សង្កាត់​រដ្ឋបាល​ជល​ផល​ កំពង់ស្វាយ​ ក្រោម​ នៅ​ឃុំ​ផាត់​សណ្តាយ​ ស្រុក​កំពង់​ស្វាយ​បានឡើងរាយការណ៍បញ្ជាក់ថា អស់រយៈពេលជិត ២ ឆ្នាំ ដែលកងកម្លាំងចម្រុះ ដោយមានកងយោពលខេមរភូមិន្ទជាស្នូល បានធ្វើសកម្មភាព ការពារ ទប់ស្កាប់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ។ ពិនិត្យជារួមបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ​ បឹង​ទន្លេ​សាប​ ខេត្តកំពង់ធំ មានការថយចុះប្រមាណពី៧០% ទៅ ៨០% ដោយកងកម្លាំងចម្រុះ បានខិតខំធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ទាំងការអប់រំ ណែនាំ, ការមានវិធានការរដ្ឋបាល និងការបង្ក្រាបឧបករណ៍ល្មើសនេសាទខសច្បាប់នៅនឹងកន្លែង បានជាប់ជាប្រចាំ ។ ហើយជាមួយនេះ ប្រជាពលរដ្ឋភាគច្រេីនក៏បានយល់ដឹងកាន់តែច្បាស់ និងបានចូលរួមអនុវត្តតាមច្បាប់ស្ដីពីជលផលថ្មីផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលមាន​កងយោធពលខេមរភូមិន្ទ​ជាស្នូល​ បានខិតខំបំពេញភារកិច្ច មិនខ្លាចលំបាកនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទាំងក្នុងរដូវប្រាំង ក៏ដូចជារដូវវស្សា ដោយបានពុះពារនៅរាល់បញ្ហាប្រឈមនានា និងគ្រប់ឧបសគ្គទាំងលក្ខណៈភូមិសាស្ត្រ និងលក្ខណៈធម្មជាតិ  ពិសេសបានធ្វើសកម្មភាពយាមល្បាតតំបន់អភិរក្សពូជត្រីទាំង​នៅពេល​យប់​ និង​នៅ​ពេល​ថ្ងៃ​ នៅ​តំបន់​បឹង​ទន្លេ​សាប​ ដែល​សកម្មភាព​នេះ​បាន​ធ្វើ​ឲ្យ​ទិន្នផលត្រី​សំបូរ​ឡើង​វិញ​ នៅ​គ្រប់​ទី​កន្លែង​នៅ​ទូទាំង​ប្រទេស​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុង​នាម​អនុប្រធាន​អចិន្ដ្រៃយ៍​ នៃគណៈកម្មាធិការ​ការពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ ខេត្ត​កំពង់​ធំ​ បានណែនាំ​នូវ​វិធានការ​មួយ​ចំនួន​ ក្នុង​ការ​អនុវត្តន៍​ច្បាប់​ស្ដីពី​ជល​ផលថ្មី​នៅ​ក្នុង​រដូវ​បិទ​នេសាទ​នេះ​ និង​បាន​ដាក់​ចេញ​នូវ​បទបញ្ជាចំនួន ចំនួន​ ៣​ គឺ : ទី១ ត្រូវបង្ក្រាបឲ្យបានដាច់ខាតមិនឲ្យមានការឆក់ត្រី តាមគ្រប់រូបភាព ។ ទី២ ត្រូវបង្ក្រាបឲ្យបានឧបករណ៍នេសាទស្បៃមុងខុសច្បាប់ នៅគ្រប់ទីកន្លែង  និងទី៣ ត្រូវការពារឲ្យបានតំបន់អភិរក្សពូជត្រី នៅគ្រប់ទីកន្លែង ។  ជាមួយនោះដែរ បាន​ណែនាំ​ដល់កងកម្លាំងចម្រុះទាំងអស់​ត្រូវទប់ស្កាត់ឲ្យបាន មិនត្រូវឱ្យមានការនេសាទលៀស ដោយប្រើប្រាស់គ្រឿងម៉ាស៊ីនជាដាច់ខាត ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ព្រមទាំងប្រេងឥន្ធនៈ ដែលជាអំណោយរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបន្តសហការ ធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងរដូវបិទនេសាទនេះឲ្យទទួលបានជោគជ័យ ដើម្បីធ្វើឲ្យផលត្រីរបស់យើងបានសម្បូរឡើងវិញ ក្នុងការបម្រើសេចក្តីត្រូវការជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ។