ខេត្តកំពង់ធំ ទទួលស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងប្រេងឥន្ធនៈ ដើម្បីបន្តសកម្មភាពក្នុងការគ្រប់គ្រងការពារធនធានធម្មជាតិ សម្រាប់សង្គមជាតិ និងកូនចៅយើងជំនាន់ក្រោយៗទៀត ។
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ
អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ប្រគល់ភារកិច្ច និងឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ទឹកពិសារបរិសុទ្ធ និងប្រេងឥន្ធនៈ ជូនដល់កងកម្លាំងចម្រុះ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅទីបញ្ជាការស្រាលចំនួន ២ គោលដៅ ដែលកំពុងបំពេញភារកិច្ចក្នុងដែនជម្រកសត្វព្រៃ បឹងពែរ ស្ថិតនៅក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។



លោក ហួត តូ មន្ត្រីស្ថាប័នបរិស្ថាន អនុប្រធានទីបញ្ជាការស្រាលប្រចាំតំបន់ជាំក្របី និងលោក កន ធីន មន្ត្រីស្ថាប័នបរិស្ថាន ប្រចាំការនៅទីបញ្ជាការស្រាលតំបន់ភ្នំប្រង់ ស្ថិតនៅក្នុងឃុំសង្គ្រាម ស្រុកប្រាសាទបល្ល័ង្ក បានឡើងរាយការណ៍អំពីលទ្ធផលសំខាន់ៗមួយចំនួន ដែលទីបញ្ជាការស្រាលសម្រេចបានក្នុងរយៈពេលកន្លងទៅ និងបានបញ្ជាក់ជូនអំពីបញ្ហាប្រឈមមួយចំនួន ក្នុងការអនុវត្តភារកិច្ច នឹងបានសំណូមពរនូវបញ្ហាមួយចំនួនជូនដល់គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ និងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការដោះស្រាយ។





ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានសហការគ្នាបានល្អ ក្នុងការបំពេញភារកិច្ចតាមបទបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដោយក្នុងរយៈពេលកន្លងទៅនេះ កងកម្លាំងចម្រុះរបស់យើង បានខិតខំប្រឹងប្រែង ទប់ស្កាត់ ការពារ និងបង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃឈើរបស់រដ្ឋយកដីធ្វើជាកម្មសិទ្ធិក្នុងដែនជម្រកសត្វព្រៃបឹងពែរទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ដោយគ្មានការលួចកាប់ទន្ទ្រានជាថ្មី ហើយដីព្រៃឈើដែលបានលួចកាប់ទន្ទ្រាននាបណ្ដាឆ្នាំកន្លងទៅ បានដុះលូតលាស់ព្រៃឈើធម្មជាតិឡើងវិញជាបណ្ដើរៗហើយ ។





ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចដល់កងកម្លាំងចម្រុះទាំងអស់ ត្រូវបន្តរួមគ្នាការពារព្រៃឈើ ដែលជាធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃបឹងពែរឲ្យបាន ដោយត្រូវប្រើប្រាស់កងកម្លាំងយាមល្បាតជាប្រចាំ មិនឱ្យមានការលួចកាប់ព្រៃឈើដែលជាធនធានធម្មជាតិយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិជាថ្មីទៀតបានជាដាច់ខាត។ ជាមួយនោះដែរ ត្រូវគ្រប់គ្រង ការពារតំបន់មួយចំនួនតូចដែលបានលួចកាប់ទន្ទ្រានក្នុងពេលថ្មីៗកន្លងទៅប្រមាណពី ៣ ទៅ ៥ ហិកតា នៅតំបន់ត្រពាំងតាយស់ និងត្រពាំងកន្សែង ឲ្យបានល្អ ដើម្បីរក្សាឲ្យព្រៃធម្មជាតិបានដុះលូតឡើងវិញ សម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ទឹកពិសាបរិសុទ្ធ និងប្រេងឥន្ធនៈ មួយចំនួន ដែលជាអំណោយរបស់ឯកឧត្តមនួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ប្រគល់ជូនកងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលទាំងពីរគោលដៅ ដើម្បីបន្តសកម្មភាពក្នុងភារកិច្ចដែលបានប្រគល់ជូនឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ។
