មេឈ្មួញបំផ្លាញព្រៃឈើឈ្មោះ(យាយ មុំ) សម្រុកដឹកជញ្ជូនឈើក្រាក់អត់ច្បាប់យ៉ាងគគ្រឹកគគ្រេង ឯអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធនៅតាមមូលដ្ឋាន ម្នាក់ៗមិនខ្វល់ក្នុងការបង្ក្រាបដឹកអីក៏ដឹកទៅ…
ឧត្ដរមានជ័យ៖ រថយន្តកូរ៉េម៉ាក ហ៊ីយ៉ាន់ដាយ ចំនួនពីរគ្រឿង ដែលត្រូវបានគេស្គាល់ថាជារថយន្តរបស់ឈ្មោះ(យាយ មុំ) ដែលរស់នៅខេត្តបាត់ដំបង ដោយរថយន្តទីមួយម៉ាកកូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ(ភ្នំពេញ.3C-1666) និងរថយន្តទីពីរម៉ាកកូរ៉េ ពណ៌ស លាយបៃតង ពាក់ស្លាកលេខ(ភ្នំពេញ.3C-0199) ដឹកឈើក្រាក់ពេញៗគ្របតង់ជិត។



ជាក់ស្តែងអ្នកសារព័ត៌មានយើងបានថតផ្ដិតយករូបភាពរថយន្តទាំងពីរគ្រឿងរបស់(យាយ មុំ) ដែលកំពុងតែធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសឈើក្រាក់វែងៗដាក់ខ្ពស់ផុតទ្រុងគ្របតង់ជិត ដឹកចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តឧត្តរមានជ័យ ឆ្ពោះយកទៅលក់នៅ ខេត្តបន្ទាយមានជ័យ និង ខេត្តបាត់ដំបង។
សូមបញ្ជាក់ថា៖ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដែលស្ត្រីមេឈ្មួញជើងខ្លាំងល្បីល្បាញខាងបំផ្លាញព្រៃឈើឈ្មោះ(យាយ មុំ)រូបនេះ តែងតែដើរប្រមូលទិញឈើក្រាក់ពីគ្រប់ទិសទីចាប់តាំងពី ឃុំត្រាំប៉ោង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រហូតដល់់ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ធ្វើការដឹកជញ្ជូន(ទាំងយប់ទាំងថ្ងៃ)ដើម្បីយកទៅលក់។

ប្រជាពលរដ្ឋជាច្រើនបានសម្ដែងនូវការមិនពេញចិត្ត ចំពោះទង្វើរបស់ស្ត្រីមេឈ្មួញដែលបំផ្លិចបំផ្លាញព្រៃឈើឈ្មោះ(យាយ មុំ)រូបនេះ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ហ៊ានរកស៊ីបំផ្លាញព្រៃឈើធនធានធម្មជាតិសម្បត្តិរដ្ឋដែលជាសម្បត្តិរួម ហើយប្រជាពលរដ្ឋក៏បានធ្វើការរិះគន់យ៉ាងខ្លាំងផងដែរចំពោះ អាជ្ញាធរ មានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធនៅតាមមូលដ្ឋានជាច្រើនខេត្ត ដូចជា ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និង ខេត្តបាត់ដំបង មិនគួរណាបណ្ដែតបណ្ដោយបើកដៃឲ្យមេឈ្មួញរូបនេះ រកស៊ីដឹកជញ្ជូនផលអនុផលឈើព្រៃឈើ តាមតែអំពើចិត្តបានយ៉ាងរលូន អស់រយៈពេលជាច្រើនរាប់ឆ្នាំបានយ៉ាងនេះសោះ ស៊ីប្រាក់ខែរបស់រដ្ឋតែមិនមានឆន្ទៈបម្រើជាតិនិងសង្គមសោះ ពិតជាអសមត្ថភាពខ្លាំងណាស់។




ដោយក្តីព្រួយបារម្ភពីភាពវិនាសសកម្មរលាយហិនហោចព្រៃឈើធនធានធម្មជាតិ ទៅថៃ្ងអនាគតនោះ ប្រជាពលរដ្ឋបានធ្វើការស្នើសុំទៅដល់មន្ត្រីជំនាញពាក់ព័ន្ធថ្នាក់ជាតិទាំងអស់ ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សូមមានចំណាត់ការចំពោះមន្ត្រីក្រោមឱវាទ ឲ្យចុះធ្វើការទប់ស្កាត់បង្ក្រាបរថយន្តដឹកឈើក្រាក់ទាំងពីរគ្រឿងរបស់មេឈ្មួញឈ្មោះ(យាយ មុំ) ម្នាក់នេះផង បើពុំដូច្នោះទេព្រៃឈើនៅក្នុងខេត្តព្រះវិហារ ច្បាស់ជារងនូវការរលាយហិនហោចខ្ទេចខ្ទីអស់ ក្រោមស្នាដៃរបស់មេឈ្មួញដុះស្លែជើងខ្លាំងនេះជាមិនខានឡើយ៕




