លោកជំទាវ លំ គន្ធារី  ជួបជាមួយអតីតគណបក្សភ្លើងទៀន៨គ្រួសារ ដែលស្ម័គ្រចិត្តមករួមជីវភាពជាមួយគណបក្សប្រជាជន និងស្លាកគណបក្សប្រជាជនកម្ពុជា១ នៅភូមិពាមគ្រែង

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត ជាប្រធានក្រុមការងារចុះជួយឃុំក្តីដូង និងឯកឧត្តម ប្លុង ពុទ្ធកូរ៉ា ក្រុមប្រឹក្សាខេត្តអនុប្រធានក្រុមការងារចុះជួយឃុំក្តីដូង លោក ប្លោក ចន្ទរដ្ឋា ប្រធានមន្ទីឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តខេត្ត ជាអនុប្រធានក្រុមការងារចុះជួយឃុំក្តីដូង បានដឹកនាំគណបក្សឃុំ និងយុវជនឃុំនិងសាខាភូមិពាមគ្រែង ចុះជួបជាមួយគ្រួសារអតីតគណបក្សភ្លើងទៀនចំនួន៨គ្រួសារ ដែលស្ម័គ្រចិត្តមករួមជីវភាពជាមួយគណបក្សប្រជាជនវិញ ស្ថិតនៅភូមិពាមគ្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

នៅក្នុងពិធីជួបជាមួយគ្រួសារអតីតគណបក្សភ្លើងទៀន នេះផងដែរ លោកជំទាវបានលើកពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងសមិទ្ធិផលរបស់គណបក្សប្រជាជនកម្ពុជា ដែលមាននៅក្នុងឃុំក្តីដូង ស្រុកកំពង់ស្វាយ បានកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ពិសេសផ្លូវសម្រាប់បងប្អូន ងាយស្រួលក្នុងការធ្វើដំណើរ និងចំណេញពេលវេលា។

ជាមួយគ្នានេះផងដែរក្នុងនោះលោកជំទាវបានផ្ដាំផ្ញើឱ្យបងប្អូនទាំងអស់ថែរក្សាសុខភាព និងពិនិត្យមើលអត្តសញ្ញាណប័ណ្ណដែលផុតសុពលភាពឱ្យ ទៅធ្វើថ្មីដើម្បីបានបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជានា
ពេលខាងមុខ។ លោកជំទាវ និងឯកឧត្តម ព្រមទាំងលោក ប្លោក ចន្ទរដ្ឋា សមាជិកសមាជិកាគណបក្សឃុំ បានចូលរួមលើកស្លាករបស់គណបក្សប្រជាជនកម្ពុជាថ្មីមួយនៅភូមិពាមគ្រែង ហើយលោកជំទាវបានលើកផែនការបន្តគឺចុះជួបជាមួយប្រធានក្រុម និងជួបជាមួយចាស់ព្រឹទ្ធាចារ្យក្នុងភូមិ/ឃុំនៅនាពេលខាងមុខ។

សូមបញ្ជាក់ផងដែរថា លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត ជាប្រធានក្រុមការងារចុះជួយឃុំក្តីដូង និងឯកឧត្តម ប្លុង ពុទ្ធកូរ៉ា ក្រុមប្រឹក្សាខេត្តអនុប្រធានក្រុមការងារចុះជួយឃុំក្តីដូង បានជូនរបស់កំដរដៃទាំង៨នាក់ ក្នុង១នាក់ទទួលបានសារុង១.ក្រមា១.ថវិកា១០០.០០០រៀល។ លោកជំទាវបានឧបត្ថម្ភស្បៀងដល់គ្រួសារខ្វះស្បៀងចំនួន១០ គ្រួសារក្នុង១គ្រួសារទទួលបាននូវ÷ អង្ករ២០គីឡូក្រាម ទឹកស៊ីវអ៉ីវ៣ដប សៀងផ្អែម៣ដប ទឹកសុទ្ធ១យួរ ក្រមា១.និងថវិកា១០.០០០រៀល។ អង្ករ និងសម្ភារៈរបស់ក្រុមការងារចុះជួយឃុំ ក្នុងនោះថវិកាលោកជំទាវនិងឯកឧត្តម៤០០.០០០រៀល និងក្រម៉ា ១៨ក្រម៉ា ថវិកាគណបក្សឃុំ៤០០.០០០រៀល ថវិកាលោក ប្លោក ចន្ទរដ្ឋាចំនួន១០០.០០០រៀល។ សារុង ៨របស់លោក ឃន ឆេងលី ប្រធានគណបក្សឃុំក្តីដូងផងដែរ។ អត្ថបទ រដ្ឋបាលឃុំក្តីដូង