(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និង ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណអភិបាលខេត្តកំពង់ធំ នៅសាលាប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ ។




បន្ទាប់ពីកិច្ចប្រជុំនេះដាក់ នូវរៀបវារៈ០៥សំខាន់ៗ ដើម្បីដាក់ជូន អង្គពិធីធ្វើការពិនិត្យ និងអនុម័តដោយការលើកដៃ រួចមក ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ និងសមាជិកក្រុមប្រឹក្សាខេត្ត ដែលបានចូលរួមយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍខេត្ត ឱ្យសម្រេចបានលទ្ធផលល្អ និងប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សំខាន់សម្រាប់លើកកម្ពស់គុណភាពរបស់ប្រជាពលរដ្ឋ និងជំរុញការវិនិយោគ ព្រមទាំងវិស័យទេសចរណ៍ក្នុងខេត្តកំពង់ធំ។ ក្នុងនោះដែរ រដ្ឋបាលខេត្តកំពុងអនុវត្តគម្រោងពង្រីកផ្លូវ ក្រាល់កៅស៊ូ ពង្រីកច្រាំងស្ទឹងសែន ដើម្បីបង្កើនទេសចរណ៍ មកលេងកម្សាន្ត ការកាត់បន្ថយកកស្ទះចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពទីក្រុង។ គម្រោងនេះក៏រួមបញ្ចូលការកែលម្អសួនច្បារ ប្រព័ន្ធភ្លើងបំភ្លឺ និងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់មាត់ស្ទឹងផងដែរ។





នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលក៏បានបំភ្លឺជូនឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុុមប្រឹក្សាខេត្តអំពីសភាពការណ៍អភិវឌ្ឍន៍ជារួមនៅខេត្តកំពង់ធំ និងការងារទប់ស្កាត់បទល្មើសប្រឆាំងធនធានធម្មជាតិ និងការការពារទ្រព្យសម្បត្តិរដ្ឋ ជាពិសេសករណីដែលបានកើតឡើងនៅក្នុងស្រុកតាំងគោក និងការងារក្រវាត់ព្រំដីរបស់រដ្ឋនៅក្នុងស្រុកសន្ទុក។
ឯកឧត្តមបានបញ្ជាក់ទៀតថា ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាការងារអាទិភាពរបស់រដ្ឋបាលខេត្តកំពង់ធំ ដោយបន្តសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច អនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព។ ឯកឧត្តមក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ចូលរួមរាយការណ៍ និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិ ដូចជាការកាប់ទន្ទ្រានព្រៃឈើ ការកាន់កាប់ដីរដ្ឋដោយខុសច្បាប់ និងការបរបាញ់សត្វព្រៃ ដើម្បីរួមគ្នាអភិរក្សធនធានធម្មជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ អត្ថបទ ចន្ថា បុណ្យឫទ្ធិ-ពិនិត្យនិងកែសម្រួល អ៊ុមញឹប។








