(កំពង់ធំ)÷ អភិបាលស្រុកស្ទោង អបអរសាទរក្រៃលែងជាមួយប្រជាពលរដ្ឋឃុំចំណាលើ ដែលទទួលបាន សមិទ្ធផល សំណង់ហេដ្ឋារចនាសម្ព័ន្ធស្អេកស្កះបន្តបន្ទាប់ពីរាជរដ្ឋាភិបាល និងក្រុមការងារចុះមូលដ្ឋាន។
លោក សាយ គឹមឡម សម្ដែងការសាទរបែបនេះ ក្នុងឱកាសបើកការដ្ឋានសាងសង់ផ្លូវក្រាលក្រួសក្រហមដែលជាថវិកាមូលនិធិឃុំចំណារលើ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហាឆ្នាំ ២០២៦។



លោកបានសង្កត់ធ្ងន់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ និងជាគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិជាពិសេសនៅតាមមូលដ្ឋាន ជាមួយគម្រោងអភិវឌ្ឍ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវខ្វាត់ខ្វែងដូចសរសៃឈាម ដែលនឹងជំរុញសេដ្ឋកិច្ចពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ទន្ទឹមនឹងនេះលោកក៏បានសំដែងការសាទរនិងថ្លែងអំណរគុណជាអនេកកប្បការដល់ឯកឧត្តម ថោ ជេថា រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងឯកឧត្តម ចាន់ ស៊ីណាត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ ដែលបានខិតខំដុតដៃដុតជើងកសាងអភិវឌ្ឍនូវសំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើន មានផ្លូវបេតុងជាង១០គីឡូម៉ែត្រ និង ប្រព័ន្ធធារាសាស្ត្រថ្មីផ្សេងទៀតដែលកំពុងសិក្សាបន្ថែមដែលឆ្លងកាត់ ភ្ជាប់ពីអាងទឹក ៣០កញ្ញា ឆ្លងកាត់ឃុំព្រះដំរី ឃុំរុងរឿងឃុំ ចំណារលើ រហូតដល់ឃុំចំណាក្រោម ដែលនឹងបង្កើនការស្រោចស្រពស្រែស្រូវកសិករឱ្យកាន់តែសុវត្ថិភាពជាងមុន។






លើសពីនេះលោកបានជំរុញដល់ពលរដ្ឋនៅក្នុងឃុំចំណារលើដែលស្ថិតនៅអមសងខាងផ្លូវដែលនឹងត្រូវសាងសង់ឱកាសនេះក៏ដូចជាពលរដ្ឋទូទៅ ត្រូវនាំគ្នាខិតខំថែរក្សាសមិទ្ធផល ដែលរាជរដ្ឋាភិបាលនិងក្រុមការងារបានកសាងជូន កុំរំលោភដីចំណីផ្លូវឬចំណីប្រឡាយដើម្បីធានា នូវការស្រេចស្រព និងគុណភាពសំណង់សម្រាប់ជាគុណប្រយោជន៍ប្រើប្រាស់បានយូរអង្វែងតកូនចៅ។
សូមបញ្ជាក់ថា គម្រោងថវិកាមូលនិធិដែលបានដេញថ្លៃ បើកការដ្ឋានសាងសង់នៅក្នុងឱកាសនេះមានទំហំទឹកប្រាក់ ៣៥៩,៣០០,០០០រៀល និងមានប្រវែងផ្លូវ ៤,០៥០ ម៉ែត្រផងដែរ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង



