(កំពង់ធំ)÷ លោក សាយ គឹមឡម អញ្ជើញប្រគល់ថវិកាបេឡាមរណៈជូនគ្រួសារសមាជិកគណៈកម្មាធិការសមាគមអតីតយុវជននិងនិវត្តន៍កម្ពុជាស្រុកស្ទោង នៅឃុំពពក នៅរសៀលថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២៦។




ថ្លែងនៅក្នុងឱកាសនោះលោកបានសម្ដែងសមានុចិត្តក្រៀមក្រំចូលរួមសោកស្ដាយ និងរំលែកមរណៈទុក្ខ ជាមួយក្រុមគ្រួសារដែលបានបាត់បង់ ឪពុក បង ប្អូន និងជាបង្គោលមេគ្រួសារដ៏សំខាន់ដែលបានពលី សាច់ស្រស់ឈាមស្រស់ ដើម្បីក្រុមគ្រួសារ បុព្វហេតុជាតិមាតុភូមិ និងព្រះមហាក្សត្រ។
លោកបន្ថែមថា ការបាត់បង់អាយុជីវិតរបស់នរណាម្នាក់វាគឺជាច្បាប់ធម្មជាតិ យើងមិនអាចប្រកួតប្រជែងឬប្រឆាំងតវាបានឡើយ ព្រោះមនុស្សគ្រប់រូប មានរូបមានរោគ ជរាព្យាធិមរណៈយ៉ាងពិតប្រាកដ។




ជាមួយគ្នានេះ ការឧបត្ថម្ភគាំទ្រប្រគល់ថវិកាបេឡាមរណៈនៅក្នុងឱកាសនេះគឺជាការ ដឹងគុណ និងគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមន៍អតីតយុទ្ធជននិងនិវត្តិជនកម្ពុជាចំពោះ សមាជិកសមាជិកាសមាគម អតីតយុទ្ធជននិងនិវត្តជនកម្ពុជាគ្រប់ៗរូប។
លើសពីនេះលោក សាយ គឹមឡម បានរំលឹកដល់ពុកម៉ែបងប្អូនដែលបានចូលរួមនៅក្នុងឱកាសនេះឱ្យត្រៀមលក្ខណៈនិងឯកសារបញ្ជាក់អត្តសញ្ញាណពាក់ព័ន្ធ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះ។
សូមបញ្ជាក់ថា ថវិកាដែលបានប្រគល់ជូនក្រុមគ្រួសារនូវក្នុងឱកាសនេះមានចំនួន៤ លានរៀល ជូនក្រុមគ្រួសារសពលោក សែម ធឿន ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ នៅភូមិត្រពាំងឬស្សី ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ មានចែកសំលៀកបំពាក់មួយចំនួនដល់អ្នកដែលបានចូលរួមនៅក្នុងឱកាសនេះថែមទៀត។ អត្ថបទ រដ្ឋបាលស្រុកស្ទោង
