លោកខ្លា ហៅ៥២ ជាអ្នកណាហ៊ានកាង និងបើកល្បែងជល់មាន់អនឡាញបង្កភាពអនាធិបតេយ្យនៅក្រុងសៀមរាប តើមានអ្នកកាងពីក្រោយឬ?
សៀមរាប៖ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់យ៉ាងណាក៏ដោយ ក៏សកម្មភាពល្បែងជល់មាន់អនឡាញនៅតែបន្តកើតមានយ៉ាងអនាធិបតេយ្យនៅក្នុងក្រុងសៀមរាប។ ករណីនេះបានធ្វើឱ្យសាធារណជនមានការងឿងឆ្ងល់ និងសង្ស័យថាតើមានអ្នកកាងពីក្រោយ ឬយ៉ាងណា?

ជាក់ស្តែង ទីតាំងល្បែងជល់មាន់អនឡាញមួយកន្លែងស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម កំពុងដំណើរការយ៉ាងរលូន ដោយមិនខ្លាចញញើតសមត្ថកិច្ចឡើយ។ ប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងនេះមានអ្នកមកលេងយ៉ាងច្រើនកុះករ និងមានការភ្នាល់ប្រាក់ក្នុងចំនួនច្រើនទៀតផង។
ការណ៍ដែលល្បែងជល់មាន់អនឡាញនៅតែបន្តកើតមានបែបនេះ បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់សង្គម ដូចជាបង្កឱ្យមានអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបំផ្លាញអនាគតយុវជន។ លើសពីនេះ វាក៏បានធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់ក្រុងសៀមរាប ដែលជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញផងដែរ។
អាស្រ័យហេតុនេះ ប្រជាពលរដ្ឋបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសសមត្ថកិច្ចខេត្តសៀមរាប ឱ្យចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងកសាងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើអាជ្ញាធរវិញ។




