នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានបន្តដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យ និងបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ដ្រស្រុកសូត្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីពង្រឹងការការពារធនធានជលផល និងអភិរក្សពូជត្រីក្នុងរដូវបិទនេសាទ។


ក្នុងសកម្មភាពចុះបំពេញបេសកកម្មនោះ លោក អ៊ឹង គឹមលាង បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានធ្វើការរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ មានលប រ៉ាវ ដាក់លើសប្រវែង ចំនួន៥របាំង។ ក្នុងនោះបានកាប់បំផ្លាញចោលនៅនឹងកន្លែងរួមមាន៖ ក្បាលលបចំនួន ១០គ្រឿង របាំងសាច់អួនប្រវែង ៨០០ម៉ែត្រ បង្គោលចម្រឹងចំនួន ៣០០ដើម និងបានចាក់លែងត្រីចម្រុះចំនួន ៣០គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិវិញ។ លោកបានបញ្ជាក់ទៀតថា ក្រុមការងារក៏បានចុះពិនិត្យការធ្វើនេសាទ ដោយប្រើប្រាស់ឧបករណ៍ លបណរ (ឬរ៉ាវ) ដោយបានផ្ទៀងផ្ទាត់ឃើញថា ការនេសាទទាំងនោះត្រូវបានអនុវត្តត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេស

និងបទប្បញ្ញត្តិច្បាប់កំណត់។ លោកអភិបាលរងខេត្ត ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារចម្រុះ និងអាជ្ញាធរមានសមត្ថកិច្ចជលផលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មក្នុងការការពារ និងអភិរក្សធនធានជលផលនាពេលកន្លងមក។ ម៉្យាងទៀតក្នុងរយៈពេលកន្លងមក ដោយការធ្វើនេសាទហួសកម្រិត បានធ្វើឲ្យប៉ះ ពាល់យ៉ាងខ្លាំងដល់ពូជមច្ឆានៅក្នុងបឹងទន្លេសាទ ដោយការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលរដ្ខបានហាមឃាត់ ទាំងរដូវបិទនេសាទ និង បើកនេសាទ ។ លោកបានគូសបញ្ជាក់ថា ការទប់ស្កាត់បទល្មើសក្នុងរដូវត្រីពងកូននេះ គឺជួយបង្កើន ផលស្តុកត្រីឲ្យកាន់តែសម្បូរបែប សម្រាប់ទ្រទ្រង់ជីវភាពរបស់ប្រជានេសាទដែលប្រកបរបរស្របច្បាប់ និងរក្សាពូជត្រីឲ្យគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ ៕