ខេត្តសៀមរាប៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញនៃផ្នែករដ្ឋបាលជលផលដំដែក និងសង្កាត់រដ្ឋបាលជលផលកំពង់ក្តី បានសហការយ៉ាងសកម្មជាមួយតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប និងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ដោយមានការដឹកនាំផ្ទាល់ពីលោក អនុសេនីយ៍ទោ ឃ្លាំង ទិត្យ និងលោក លុយ សុភាព អនុប្រធានប្រតិបត្តិការសឹករងខេត្តកំពង់ធំ បានចុះប្រតិបត្តិការល្បាត ត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសនេសាទខុសច្បាប់នៅក្នុងតំបន់គ្រប់គ្រងជលផល។


ប្រតិបត្តិការនេះ មានការចូលរួមពី៖

  • កម្លាំងគណៈបញ្ជាការឯកភាពស្រុកជីក្រែង ដឹកនាំដោយលោក ឃឹម សំអែល
  • តំណាងសហគមន៍នេសាទស្ទឹងជ្រៅ
  • មន្ត្រីសង្កាត់រដ្ឋបាលជលផល និងផ្នែកបរិស្ថានស្រុកស្ទោង
  • អ្នកសារព័ត៌មានចំនួន ០២រូប រួមមាន លោក ខៀវ សុថាត (ភ្នាក់ងារព័ត៌មាន TNC) និងលោក អ៊ុក ផ្លុង (ភ្នាក់ងារព័ត៌មាន Khemera Daily ប្រចាំស្រុកជីក្រែង)
  • វត្តមានសរុប៖ ២៨ នាក់
  • មធ្យោបាយធ្វើដំណើរ៖ កាណូតចំនួន ០៤ គ្រឿង
    បេសកកម្មល្បាតបានធ្វើឡើងនៅចំណុចមុខសញ្ញាសំខាន់ៗ រួមមាន ត្រពាំងសើងទ្រើង, ត្រពាំងសំឡ និងរហាលប្រា-រហាលព្រួល ដែលជាតំបន់ព្រំប្រទល់ប្រទាក់ក្រឡាគ្នារវាងស្រុកជីក្រែង (ខេត្តសៀមរាប) និងស្រុកស្ទោង (ខេត្តកំពង់ធំ)។
    ជាលទ្ធផល កម្លាំងចម្រុះបានរកឃើញ និងរុះរើបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងបានចំនួន ០១ករណី ដោយវត្ថុតាងរួមមាន៖
  • របាំងស្បៃមុង (ក្រឡាតូច ០,៥មីលីម៉ែត្រ)៖ ចំនួន ១៥ របាំង (ប្រវែងសរុប ១,៣០០ ម៉ែត្រ)
  • ក្បាលលូស្បៃមុង៖ ចំនួន ២០ គ្រឿង
  • បង្គោលចម្រឹង៖ ចំនួន ៣៩០ ដើម
  • ការរំដោះផលជលផល៖ បានលែងកូនត្រីចម្រុះប្រមាណ ៤០ គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិវិញដោយសុវត្ថិភាព។