ខេត្តឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិទួលតាសេក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ បានសម្តែងការត្អូញត្អែរ និងអំពាវនាវសុំជំនួយពីអាជ្ញាធរពាក់ព័ន្ធ ឱ្យជួយដោះស្រាយបញ្ហាផ្លូវលំមួយខ្សែនៅក្នុងមូលដ្ឋាន ដែលបានខូចខាតប្រែជាជង្ហុកធំៗ និងបែកភក់រអិល ធ្វើឱ្យការធ្វើដំណើរជួបការលំបាកយ៉ាងខ្លាំង។
តាមប្រភពព័ត៌មាន និងរូបភាពដែលប្រជាពលរដ្ឋបានផ្តល់ជូននៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៦ នេះ ផ្លូវលំមួយខ្សែនេះបានរងការខូចខាតជាច្រើនឆ្នាំមកហើយ ដោយពុំទាន់មានការជួសជុលឡើងវិញនោះទេ។ស្ថានភាពផ្លូវកាន់តែអាក្រក់ខ្លាំងនៅរដូវវស្សា



ដោយសារមានទឹកដក់ថ្លុកធំៗ និងភក់ជ្រាំ ដែលប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ និងរំខានដល់ការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋ។
អាស្រ័យហេតុនេះ ប្រជាពលរដ្ឋក្នុងភូមិទួលតាសេក សូមសំណូមពរយ៉ាងទទូចដល់អាជ្ញាធរឃុំ ស្រុក ខេត្ត ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ និងជួសជុលផ្លូវមួយខ្សែនេះឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរទូទៅ ជាពិសេសគឺសុវត្ថិភាពរបស់សិស្សានុសិស្សក្នុងការធ្វើដំណើរទៅសិក្សារៀនសូត្រ។




