(កំពង់ធំ)៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ហាក់ ម៉ុងហួត អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការរដ្ឋបាលស្រុកតាំងគោក បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងប្រសិទ្ធភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ លោកអភិបាលស្រុកបានដាក់ចេញនូវទិសដៅការងារសំខាន់ៗ រួមមាន៖


- ការងារធនធានធម្មជាតិ៖ បន្តពង្រឹង «ទីបញ្ជាការស្រាល» ដើម្បីចុះតាមដាន និងទប់ស្កាត់បទល្មើសព្រៃឈើ និងការនេសាទខុសច្បាប់ឱ្យបានដាច់ខាត ជាពិសេសនៅ «តំបន់៣» និង «តំបន់ព្រៃលិចទឹក»។
- ការងារអត្តសញ្ញាណកម្ម៖ ជំរុញមន្ត្រីជំនាញសហការជាមួយអាជ្ញាធរឃុំ-ភូមិ ចុះផ្សព្វផ្សាយ និងរំលឹកប្រជាពលរដ្ឋឱ្យមកធ្វើអត្តសញ្ញាណប័ណ្ណថ្មី ឬបន្តសុពលភាពឱ្យបានគ្រប់ៗគ្នា។
- ការងារសន្តិសុខ សណ្ដាប់ធ្នាប់៖ ណែនាំកងកម្លាំងប្រដាប់អាវុធ បង្កើនការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដោយចាត់វិធានការបង្ការ និងទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់ចំពោះបទល្មើសក្មេងទំនើង ល្បែងស៊ីសង និងចោរកម្ម។






- ការគ្រប់គ្រងគ្រោះមហន្តរាយ៖ ប្រគល់ភារកិច្ចជូនអាជ្ញាធរឃុំ តាមដានស្ថានភាពទឹកភ្លៀង និងផលប៉ះពាល់លើដំណាំស្រូវជាប្រចាំ ព្រមទាំងក្តាប់ព័ត៌មាន និងធ្វើរបាយការណ៍ឱ្យបានទាន់ពេលវេលា និងច្បាស់លាស់មកថ្នាក់ស្រុក។
អង្គប្រជុំបានបញ្ចប់ទៅដោយការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្តបទបញ្ជាឱ្យមានប្រសិទ្ធភាព ដើម្បីសុខសុវត្ថិភាព និងផលប្រយោជន៍ជូនប្រជាពលរដ្ឋ។








