(ខេត្តកំពង់ធំ)៖ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកស្បៀងសង្គ្រោះបឋម ព្រមទាំងថវិកាផ្តល់ជូនប្រជាពលរដ្ឋងាយរងហានិភ័យចំនួន ១២គ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ នៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង។


ក្នុងឱកាសនោះ លោកអភិបាលស្រុក បានណែនាំឱ្យអាជ្ញាធរភូមិឃុំ ត្រូវចុះតាមដាន និងធ្វើបច្ចុប្បន្នភាពស្ថិតិប្រជាពលរដ្ឋរងគ្រោះឱ្យបានជាក់លាក់ និងទាន់ពេលវេលា ដើម្បីស្នើសុំស្បៀងឧបត្ថម្ភបន្ថែមពីលោកអភិបាលស្រុក និងក្រុមការងារសង្គ្រោះ។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអសិរពិស បញ្ហាឆ្លងចរន្តអគ្គិសនី សុខភាពអនាម័យ និងត្រូវមើលថែទាំកូនចៅឱ្យបានល្អ ដើម្បីចៀសវាងគ្រោះថ្នាក់លង់ទឹកជាយថាហេតុ ខណៈទឹកនៅទីប្រជុំជនស្រុកស្ទោង មានការកើនឡើងបន្តិចបើប្រៀបធៀបនឹងថ្ងៃម្សិលមិញ៕