(កំពង់ធំ)៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំយុទ្ធនាការ «អប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ន» នៅច្រកចូលផ្សារស្ទោង តាមបណ្តោយផ្លូវជាតិលេខ ៦A ដោយមានការចូលរួមពីអាជ្ញាធរដែនដី មន្ត្រីជំនាញ កងកម្លាំងនគរបាលចរាចរណ៍ និងយុវជនកាកបាទក្រហម សរុប ៤១នាក់។


ក្នុងឱកាសនោះ លោកជំទាវ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានបញ្ជាក់ថា យុទ្ធនាការនេះធ្វើឡើងដើម្បីឆ្លើយតបនឹង «ផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០» សំដៅចូលរួមកាត់បន្ថយអត្រាស្លាប់ របួស និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍។


យុទ្ធនាការនេះបានទាក់ទាញប្រជាពលរដ្ឋចូលរួមចំនួន ២៨៣នាក់ (ស្រី ១៩៩នាក់)។ ជាមួយគ្នានេះ ក្រុមការងារបានចែកខិតប័ណ្ណ និងលិខិតអំពាវនាវសរុបចំនួន ៣៣០សន្លឹក ព្រមទាំងបានរៀបចំកម្មវិធី «ឆ្លើយសំណួរយក រង្វាន់» ដោយបានប្រគល់មួកសុវត្ថិភាពចំនួន ៤៦មួក ជូនដល់ប្រជាពលរដ្ឋដែលបានឆ្លើយត្រូវ ដើម្បីដាស់ស្មារតីឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។