សៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថានៅថ្ងៃទី០១ខែមិថុនាឆ្នាំ២០២០ចោរចូលលួចម៉ូតូមួយគ្រឿងរបស់មន្ត្រីបម្រើការងារនៅមន្ទីរព័ត៌មាន នៅមន្ទីររដ្នបាលខេត្តសៀមរាប សង្កាត់ស្លក្រាម ក្រុងសៀមរាប។

យោងតាមប្រភពហ្វេសប៊ុកជនរងគ្រោះឈ្មោះ កើត គឿន បានឲ្យដឹងថាខ្ញុំបានបាត់ ម៉ូតូ Dream 2020 នៅថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០ នៅកន្លែងធ្វើការបស់ខ្ញុំគឺមន្ទីរព័ត៌មានខេត្តសៀមរាប ចោរបានចូលទៅលួចនៅកន្លែងខ្ញុំធ្វើការតែម្ដង ពេលខ្ញុំហូបបាយហើយចូលធ្វើការវិញម៉ោង១និង៤៥នាទីដល់ចប់ការងារម៉ោង៥និង៣០នាទីខ្ញុំក៏ចេញមកផ្ទះរកម៉ូតូអត់ឃើញ។ លោកបន្ដថា រូបដែលលោកដាក់បង្ហោះក្នុងហ្វេសបុកនេះគឺរូបកាលទើបតែទិញមិនទាន់បានស្លាកលេខទេ ក្រោយមកមានផ្លាកលេខតែអត់បានថត ! កន្លែងធ្វើការរបស់ខ្ញុំនៅខាងក្រោយគេបង្អស់ជ្រុងខាងលិច នៃមន្ទីរខេត្តសៀមរាប ម៉ូតូដែលមានកាតគ្រី និងផ្លាកលេខ Siem Reap 1AI-5240 ដូចរូបភាព បើបងប្អូនណាបានឃើញទាក់ទងមកខ្ញុំលេខ សូមអរគុណ។

លោក ស៊ស៊ិន ណារ៉ា នាយប៉ុស្ដិ៍នគរបាល សង្កាត់ស្លក្រាម ក្រុងសៀមរាបបានឲ្យដឹងថា ពិតជាមានករណីនេះមែន លោកថាក្រោយទទួលព័ត៌មានភ្លាមៗមន្ត្រីនគរបាលបានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី០២មិថុនានេះជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាមហើយ លោកបានបញ្ជាក់ថានៅមន្ទីររដ្ឋបាលខេត្តសៀមរាបច្រកចេញចូលពុំមានដាក់ចង្វាក់នោះទេ ហើយការចេញចូលក្នុងមន្ទីររដ្ឋបាលនានាក៏ពុំមានការពិនិត្យដែរ។

លោក លីវ សុខុន ប្រធានមន្ទីរព័ត៏មានខេត្តសៀមរាបបានអោយដឹងនៅព្រឹកថ្ងៃទី ៣ខែមិថុនា ឆ្នាំ២០២០នេះថា លោកចូលរួមសោកស្ដាយណាស់ចំពោះការបាត់បង់ម៉ូតូរបស់បុគ្គលិកលោក ដែលលោកមិននឹកស្មានដល់ថាមានចោរហ៊ានចូលលួចម៉ូតូដល់កន្លែងធ្វើការបែបនេះ តែលោកមិនអាចបន្ទោសសន្ដិសុខ ឬអ្នកណាបាននោះទេ រហូតមកដល់ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងដិតដល់បំផុត៕ប៊ុនរិទ្ធី
