ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំពង្រឹងវិធានការ ការពារ ទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ និងប្រគល់ប្រេងឥន្ធនៈដែលជាអំណោយរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ជូនដល់ទីបញ្ជាការស្រាលបង្ក្រាបបទល្មើសព្រៃឈើចំនួន ១៥ គោលដៅ នៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ស្រុកប្រាសាទបល្ល័ង្ក និងស្រុកសន្ទុក ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះកងកម្លាំងចម្រុះ ដែលប្រចាំការនៅទីបញ្ជាការស្រាលបង្ក្រាបបទល្មើសធនធានធម្មជាតិទាំង ១៥ គោលដៅ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងរយៈពេលជាង ២៧ ខែកន្លងទៅនេះ ទទួលបានលទ្ធផលល្អប្រសើរ ដោយបានធ្វើការការពារ ទប់ស្កាត់មិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិបានឡើយ ។ ជាមួយនោះដែរ ក៏បានរកឃើញ និងដកហូតដីព្រៃដែលបានលួចកាប់ទន្ទ្រាននាពេលកន្លងទៅ ទុកជាសម្បត្តិរដ្ឋ ហើយផ្ទៃដីដែលបានដកហូតទាំងនេះ បានដាំស្ដារព្រៃឈើឡើងវិញបានមួយចំនួន និង​មួយចំនួនទៀតបានគ្រប់គ្រងការពារ ដើម្បីឲ្យព្រៃឈើធម្មជាតិបានដុះលូតលាស់ឡើងវិញផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលបង្ក្រាបបទល្មើសព្រៃឈើទាំង ១៥ គោលដៅ ត្រូវបន្តសកម្មភាពក្នុងភារកិច្ចការពារឲ្យបានធនធានធម្មជាតិរបស់យើង ពិសេសមិនឱ្យមានការកាប់ទន្ទ្រានព្រៃ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិជាថ្មីទៀតបានជាដាច់ខាត។ ដោយឡែកកងកម្លាំងចល័តចំនួន ២ គោលដៅ ដែលត្រូវបន្ថែមថ្មី ត្រូវទទួលភារកិច្ចក្នុងការបង្ក្រាបការកាប់ និងដឹកជញ្ជូនឈើខុសច្បាប់ឲ្យបាន ដើម្បីរឹបអូសមធ្យោបាយប្រព្រឹត្តបទល្មើស និងឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ប្រេងឥន្ធនៈ ចំនួន ៧០០លីត្របន្ថែមទៀត ដែលនៅមុនពេលនេះ បានប្រគល់ចំនួន ៣០០លីត្ររួចមកហើយ ក្នុងចំនួនប្រេងឥន្ធនៈ សរុប​ចំនួន​ ១,០០០ លីត្រ ដែលជាជំនួយឧបត្ថម្ភរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ជូនដល់កងកម្លាំងចម្រុះ ដើម្បីប្រើប្រាស់ក្នុងភារកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាព ។