(ខេត្តកំពង់ធំ)៖ ក្នុងពិធីផ្សព្វផ្សាយស្តីពី «ការអនុវត្តរបបបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ផ្នែកហានិភ័យការងារ និងថែទាំសុខភាព» កាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវយ៉ាងទទូចដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវប្រើប្រាស់សិទ្ធិ និងសេវា ប.ស.ស. ឱ្យអស់ពីលទ្ធភាព។




លោកអភិបាលស្រុក បានគូសបញ្ជាក់ថា «ប.ស.ស. គឺជាសសរទ្រូងនៃប្រព័ន្ធគាំពារសង្គម» ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការធានាសុវត្ថិភាពប្រាក់ចំណូល និងលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ។ លោកបានរំលឹកដល់សមាជិក ប.ស.ស. ទាំងអស់ ឱ្យធ្វើបច្ចុប្បន្នភាពទិន្នន័យផ្ទាល់ខ្លួនឱ្យបានច្បាស់លាស់ និងទៀងទាត់ ដើម្បីចៀសវាងការបាត់បង់ ឬរំខានដល់ការទទួលផលប្រយោជន៍ផ្សេងៗ។
ជាមួយគ្នានេះ លោកបានស្នើឱ្យអាជ្ញាធរមូលដ្ឋាន បង្កើនការផ្សព្វផ្សាយច្បាប់ស្តីពីកាតព្វកិច្ចយោធា ដោយលើកទឹកចិត្តឱ្យយុវជនដែលមានអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ ចុះឈ្មោះចូលបម្រើជាតិ ដើម្បីរួមចំណែកពង្រឹងសន្តិសុខជាតិ និងសម្តែងនូវស្មារតីស្នេហាជាតិ។










