(កំពង់ធំ)៖ លោក គង់ សំអាត អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបល្ល័ង្ក បានដាក់ចេញនូវការណែនាំ និងក្រើនរំលឹកយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធររដ្ឋបាលឃុំទាំងអស់ចំណុះឱ្យស្រុក ត្រូវបង្កើនការពិនិត្យ និងយកចិត្តទុកដាក់ខ្ពស់លើការរៀបចំ និងអនុវត្តកិច្ចការងារគម្រោងមូលនិធិឃុំ ឱ្យស្របទៅតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ព្រមទាំងធានាឱ្យបាននូវតម្លាភាព និងគណនេយ្យភាព ដើម្បីចៀសវាងឱ្យបានដាច់ខាតនូវបញ្ហាប្រឈម ឬបាតុភាពអសកម្មផ្សេងៗដែលអាចកើតមានឡើង។




ការថ្លែងរំលឹកបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសដែល លោកអភិបាលស្រុក អញ្ជើញចូលរួមក្នុង កិច្ចប្រជុំសាមញ្ញលើកទី ២៩ របស់ក្រុមប្រឹក្សាស្រុកអាណត្តិទី៤ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឈួន រ៉ា ប្រធានក្រុមប្រឹក្សាស្រុកប្រាសាទបល្ល័ង្ក នឹងមន្ត្រីរាជការជាច្រើនរូបផងដែរ។
នៅក្នុងអង្គប្រជុំ លោកអភិបាលស្រុកបានគូសបញ្ជាក់ថា ថវិកាមូលនិធិឃុំ គឺជាឧបករណ៍អភិវឌ្ឍដ៏សំខាន់នៅថ្នាក់មូលដ្ឋាន ដូច្នេះរាល់ការជ្រើសរើសគម្រោងវិនិយោគ ឬហេដ្ឋារចនាសម្ព័ន្ធនានា ត្រូវតែ៖
ផ្អែកលើតម្រូវការបច្ចុប្បន្នភាពពិតប្រាកដរបស់ពលរដ្ឋ៖ ចុះសិក្សា និងស្ដាប់មតិយោបល់របស់ប្រជាពលរដ្ឋឱ្យបានស៊ីជម្រៅ ដើម្បីឆ្លើយតបចំបញ្ហាអាទិភាពក្នុងសហគមន៍។ អនុវត្តដោយតម្លាភាព និងគណនេយ្យភាព៖ ដំណើរការដេញថ្លៃ ការគ្រប់គ្រងកិច្ចសន្យា និងការអនុវត្តគម្រោងផ្ទាល់ ត្រូវធ្វើឡើងដោយចំហ ត្រឹមត្រូវតាមនីតិវិធីច្បាប់ និងមានការចូលរួមឃ្លាំមើលពីគ្រប់ភាគីពាក់ព័ន្ធ។






ធានាគុណភាព និងទប់ស្កាត់បញ្ហាប្រឈម៖ ត្រូវតាមដានបច្ចេកទេសសាងសង់ឱ្យបានម៉ត់ចត់ ដើម្បីឱ្យសមិទ្ធផលដែលបានមក មានគុណភាពរឹងមាំ ប្រើប្រាស់បានយូរអង្វែង និងមិនបង្កឱ្យមានទំនាស់ ឬបណ្តឹងតវ៉ាពីប្រជាពលរដ្ឋឡើយ។
ជាចុងក្រោយ អង្គប្រជុំបានជំរុញឱ្យអាជ្ញាធរឃុំទាំងអស់ បន្តពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយមន្ត្រីជំនាញ និងក្រុមប្រឹក្សាស្រុក ដើម្បីធានាថាការអភិវឌ្ឍនៅមូលដ្ឋានប្រាសាទបល្ល័ង្កប្រព្រឹត្តទៅដោយរលូន និងឆ្លើយតបទៅនឹងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលយ៉ាងមានប្រសិទ្ធភាព៕ អត្ថបទ រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក




