ព្រះវិហារ៖ លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានដឹកនាំកម្លាំងផ្នែករដ្ឋបាលព្រៃឈើឆែប សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបការដឹកជញ្ជូនឈើតាមរថយន្តសាំងយ៉ុង១គ្រឿង និងការស្តុកទុកឈើនៅក្នុងរោងសិប្បកម្មល្មើសច្បាប់ពីរកន្លែង រឹបអូសឈើប្រណិត និងឈើលេខ១ ចំនួន ៣ប្រភេទ មានជាង ៩៤០ដុំ និងសន្លឹក ប្រតិបត្តិការបង្រ្កាបនេះ បានធ្វើឡើងកាលពីថ្ងៃទី០២ខែមិថុនាឆ្នាំ២០២០  នៅចំណុចភូមិសាស្ត្រ ភូមិចំរើន ឃុំច្រាច ស្រុកជ័យសែន ។

លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានប្រាប់ឲ្យដឹង នៅរសៀលថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២០នេះថា បន្ទាប់ពីទទួលបានការអនុញ្ញាត ពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ពឹង ទ្រីដា រួចមកលោកបានដឹកនាំមន្ត្រីខណ្ឌមន្ត្រីផ្នែកព្រៃឈើឆែប ដោយសហការណ៍ ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះទៅកាន់ទីជនបទដាច់ស្រយាលមួយ។ លោកបានបន្តថា នៅគ្រានោះ ក៏បានប្រទះឃើញ រថយន្តសាំងយ៉ុង១គ្រឿង ដឹកឈើប្រណិតពេញប្រៀប ដែលកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវក្រាលគ្រួសក្រហម១ខ្សែ នៃតំបន់នោះ លោកក៏បានបញ្ជាកម្លាំងសមត្ថកិច្ច ប្រដេញតាមស្ទាក់ចាប់បាន និងឆែកឆេររថយន្តរកឃើញ ឈើប្រណិតប្រភេទឈើធ្នុងផ្ទុកពេញរថយន្តតែម្តង។ លោកបន្តថា នៅក្រោយពីឃាត់រថយន្តនោះរួច កម្លាំងសមត្ថកិច្ច ក៏បានចូលទៅកាន់ភូមិមួយនៅក្បែរនោះ និងបានប្រទះឃើញ រោងសិប្បកម្មគ្មានច្បាប់អនុញ្ញាតពីរកន្លែងទៀត កម្លាំងសមត្ថកិច្ច ក៏បានធ្វើការបង្ក្រាប និងរឹបអូសឈើទាំងនោះ។ឯមនុស្សបានរត់គេចខ្លួនបាត់ ចំណែកគ្រឿងម៉ាស៊ីនកែច្នៃឈើទាំងប៉ុន្មាន ត្រូវបានក្រុមឈ្មួញឈើដកចេញ និងដឹកជញ្ជូនយកទៅលាក់ទុកបាត់អស់ នៅមុនពេលសមត្ថកិច្ចចុះទៅដល់ លោកថាក្រុមឈ្មួញឈើហាក់ដូចជាដឹងខ្លួនមុនអញ្ចឹង។

  លោកបន្តថា ក្រោយការបង្ក្រាបរថយន្តសាំងយ៉ុង ដឹកជញ្ជូនឈើល្មើសច្បាប់១គ្រឿង និងរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់២កន្លែង ទាំងរថយន្ត និងឈើត្រូវបាននាំយកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន។ លោកបញ្ជាក់ទៀតថា វត្ថុតាងដែលបង្ក្រាបនៅក្នុងពេលនោះ គឺមានរថយន្តសាំងយ៉ុង១គ្រឿង ផ្ទុកឈើប្រណិតប្រភេទធ្នុង ចំនួន ២៧ដុំ ស្មើនឹង ០,៩៤៧ម៉ែត្រគូប និងឈើដែលដកហូត ពីរោងសិប្បកម្មគ្មានច្បាប់ទាំង ២កន្លែងនោះ ជាឈើលេខ១ មាន៣ប្រភេទ គឺ ប្រភេទឈើដួងចែម ឈើស្រឡៅ និងឈើផ្ចឹក មានចំនួន ៩១៥សន្លឹក ស្មើនឹង១១ម៉ែត្រគូប ៣១០ សរុបមានចំនួន ៩៤២ដុំ និងសន្លឹក ស្មើនឹង ១២ម៉ែត្រគូប ២៥៧ បើគិតជាទឹកប្រាក់ មានតម្លៃច្រើនពាន់ដុល្លារអាមេរិក ហើយវត្ថុតាងបទល្មើសទាំងអស់នេះ កំពុងស្ថិតក្រោមការគ្រប់គ្រង និងកសាងសំណុំឯកសារ ពីមន្ត្រីរដ្ឋបាលព្រៃឈើ ដើម្បីបញ្ជូនទៅកាន់តុលាការខេត្ត ចាត់ការតាមច្បាប់ស្តីពីព្រៃឈើ ៕