សៀមរាប ៖  ក្រុមការងារអ្នកស្រី ខាត់ សាឃីម និងតារាល្បីៗជាច្រើនរូប មានគ្នាជិត២០០នាក់ នៅព្រឹកថ្ងៃទី១៩ខែមិនាឆ្នាំ២០២០ត្រូវនឹងថ្ងៃព្រហស្បត៍ ១១ រោច ខែ ផល្គុន ព ស​ ២៥៦៣ បានមកតវ៉ាសុំឲ្យតុលាការខេត្តសៀមរាបដោះលែងតំណាងក្រុមហ៊ុនវិនិយោគ អ៊ីណារីតា ឈ្មោះឌីម សួនណាត អោយមានសេរីភាពវិញ​​ ។

  ក្រុមអ្នកតវ៉ាបានឲ្យដឹងថាពួកគាត់មកពីបណ្ដាខេត្តនាៗទូទាំងប្រទេស មកតវ៉ាសូមឲ្យលោក តុលាការដោះលែងតំណាងក្រុមហ៊ុនរបស់ខ្លួន ឈ្មោះ លោក ឌីម សួនណាត បន្ទាប់ពីតុលាកាឃុំខ្លួនគាត់អស់រយះពេល៨ខែមកហើយមិនព្រមដោះលែងវិញ ដោយសារគាត់មិនមានកំហុសអ្វីនោះទេ ហើយក៏គ្មានអ្នកណារករឿងឬប្ដឹងគាត់ដែរ! ម្យ៉ាងពួកគាត់សុទ្ធតែជាអ្នកជំពាក់ធានាគាដោយសារតែយកលុយមកដាក់ទុនជាមួយលោក ឌីម សួនណាត ធ្វើក្រុមហ៊ុនវិនិយោគនេះ។

 អ្នកស្រី ខាត់ សាឃីម បានឲ្យដឹងថាលោក ឌីម សួនណាត បានធ្វើ លិខិតអះអាងកាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២០ ដោយមានមេធាវី ឈ្មោះ លីន ឡានីន ចេញមុខធានាថា បងប្អូនអ្នកវិនិយោគទាំងអស់សូមផ្ដល់ឪកាសឲ្យខ្ញុំបាទមានសេរីភាពដើម្បីខិតខំប្រឹងប្រែងរកប្រាក់សម្រាប់ទូទាត់សងបងប្អូនទាំងអស់វិញ។

   លោកប្រាក់ វុទ្ធី អាយុ៤៩ ឆ្នាំរស់នៅភូមិ ត្រាង ឃុំកណ្ដែក ស្រុកប្រាសាទបាគង ឲ្យដឹងថារូបលោកដាក់ប្រាក់វិនិយោគ១០ម៉ឺន ដុល្លាអាមេរិកមិនទាន់បានប្រាក់ការមួយរៀលផងស្រាប់តែគេចាប់ ប្រធានក្រុមហ៊ុនបាត់ !  លោកវុទ្ធីបន្តថាក្នុងខេត្តសៀមរាបនាក់ដាក់ទុន វិនិយោគមាន២៧៥នាក់ សរុប ប្រាក់ ៤,៥៥ លាន ដុល្លារអាមេរិក( បួនលានប្រាំសែនប្រាំម៉ឺនដុល្លារអាមេរិក )បើគិតទូទាំងប្រទេសមានជាង២០០០នាក់ ។លោកបន្ដថាក្រុមហ៊ុនអ៊ីណារីតាជាក្រុមស្មោះត្រង់ ពួកអ្នករកស៊ីមុនៗគេបានផលចំណេញជាហូរហែរ។

  លោក ងួន ហាក់ អាយុ៣២ឆ្នាំរស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ឲ្យដឹងថាក្រុមគ្រួសារលោកដាក់ទុនជាង១០០០០ដុល្លាអាមេរិកមិនទាន់បានការប្រាក់មួយរៀលចាយផងស្រាប់តែគេចាប់ប្រធានក្រុមហ៊ុន ដូច្នេះសូមសម្ដេច ហ៊ុនសែនជួយអន្តរាគមន៏លែងលោក ឌីម សួនណាត ឲ្យមានសេរីភាពវិញដើម្បីឲ្យគាត់ទូទាត់សង់ប្រាក់ប្រជាពលរដ្ឋវិញ។

   រហូតមកដល់ព្រឹកថ្ងៃទី២០ ខែ​មិនា ​ឆ្នាំ២០២០នេះយើងមិនអាចសុំការបំភ្លឺពីតុលាការដើម្បើចង់ដឹងពីមូលហេតុនៃការចាប់ឃាត់ខ្លួនលោក ឌីម សួនណាតនៅឡើយទេ គ្រាន់តែមានការបញ្ចាក់ខ្លះៗ ថា រឿងវែងឆ្ងាយណាស់៕ ប៊ុនរិទ្ធី  ព័ត៏មាន បឋម