(រតនគិរី)៖ សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ ប្តីប្រពន្ធ ករណីជួញដូរសត្វព្រៃ ក្នុងហេតុការណ៍នេះបានបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី និងមានការសម្របសម្រួល ពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី កម្លាំងនគរបាលស្រុកអូរយ៉ាដាវ បានចុះឆែកឆេរលំនៅដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិ កាតែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយដកហូតបានសត្វព្រៃមួយចំនួន កាលពីវេលាម៉ោង១៩និង៣០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ។

មុនឈានដល់ការចុះបង្ក្រាបនេះ គឺកម្លាំងសម្ងាត់បានតាមដានសកម្មភាពនេះ ជាយូរមកហើយទើបសុំយោបល់ថ្នាក់លើបង្ក្រាបជាក់ស្តែងតែម្តង បានដកនាំ ប្តីឈ្មោះ ដូ វ៉ាំងហ៊ុង អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ យឿង យិងិន វត្ថុតាងដកហូតបានរួមមាន៖ សត្វសំពោធចំនួន ៣ក្បាល សត្វកាធាយចំនួន ១ក្បាល និងទូរស័ព្ទដៃ ២គ្រឿង។

សមត្ថកិច្ចដោយឡែកទៀតបង្ហើបឱ្យដឹងថា ជនជាតិវៀតណាម២នាក់ ប្តីប្រពន្ធប្រកបមុខរបរជួញដូរសត្វព្រៃខុសច្បាប់ ទៅប្រទេសវៀតណាម តាមមធ្យោបាយរថយន្តផ្ទាល់ខ្លួន ជាយូរណាស់មកហើយ ដោយមានសមត្ថកិច្ចខិលខូចមួយចំនួន ដែលបានទទួលផលប្រយោជន៍ជួយកាងពីក្រោយឱ្យថែមទៀតផង។

ជនជាតិវៀតណាម២នាក់ ប្តីប្រពន្ធ និងវត្ថុតាងត្រូវបានមន្ត្រីនគរបាលស្រុកអូរយ៉ាដាវ ប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើផ្នែកបរកែវចាត់ចែងបន្ត។ ករណីនេះ ត្រូវបានគេបង្ហើបឱ្យដឹងថាកំពុងមានអ្នករត់ការណ៍ខ្វែងខ្វាត់ ដើម្បីឱ្យជនជាតិវៀតណាម២នាក់ ប្តីប្រពន្ធនេះរួចពីសំណាញ់ច្បាប់ ៕