ព្រះវិហារ= បែកធ្លាយឈ្មួញឈើពីរនាក់ឈ្មោះភ័ក្រនឹងឈ្មោះយូ បានអះអាងថាខ្លួនបានបង់លុយជូនសមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់អស់ហើយទើបគ្មានអ្នកណាហ៊ានបង្ក្រាបនឹងចាប់ពួកគេទៀតទេ រហូតមានសមត្ថកិច្ចខ្លះមើលផ្លូវអោយឈ្មួញថែមទៀត។

   ជាក់ស្ដែងថ្ងៃទី២៩ ខែវិច្ឆិការ ឆ្នាំ២០២០សកម្មភាពដឹកបទល្មើសព្រៃឈើយ៉ាងអាណាធិបតេយ្យចេញពីទឹកដីខេត្តព្រះវិហារ ចូលមកលើទឹកដីខេត្តកំពង់ធំ តើលោកនាយសង្កាត់និង លោកនាយផ្នែករដ្ឋបាលព្រៃឈើរវៀង លោក ស៊ុម ស៊ីវុត្ថា មានបានដឹងព័ត៌មាននេះដែរឬទេ? បានជាឈ្មួញអាចដឹកជញ្ជូនឈើរលូនដល់ទឹកដីខេត្តកំពង់ធំ ។

  តាមប្រភពបានអោយដឹងថា ការដឹកឈើចេញពីស្រុកសង្គមថ្មីឆ្លងកាត់ទួលចាក់ក្រញ៉ាញ់បានធ្វើសកម្មភាពយ៉ាងរលូនរាងរាល់យប់ មិនទាន់ឃើញមានសមត្ថកិច្ច ឬមន្រ្ដីជំនាញណាចុះបង្រ្កាប់នោះទេ សូមអោយលោក នួនសុខ ខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ នឹងលោក ប៊ុនសុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ មេត្តាដាក់ចិត្តបង្ក្រាបមេឈ្មួញដឹកឈើប្រណិតដែលមានឈ្មោះភ័ក្រ្គ នឹងឈ្មោះយូ នេះផង ។

   ប្រជាពលរដ្ឋបានបន្តទៀតថាបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើបានដឹកចេញពីខេត្តព្រះវិហារយ៉ាងអនាធិបតេយ្យដូចហែរកឋិន ដូច្នេះសូមអោយ លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានកូនចៅឈរជើងនៅស្នាក់ការក្នុងភូមិបុស្ស បង្រ្កាប់បទល្មើសព្រៃឈើដែលដឹកឆ្លងកាត់ខាងមុខស្នាក់ការរបស់ខ្លួនផង។