សៀមរាប÷ ឈ្មួញយកគ្រឿងចក្រចូលឈូសឆាយដីព្រៃក្នុងអាងធារាសាស្ត្រទំនប់ម្កាក់ជាអាងដ៏ធំមួយ ដែលមានព្រៃឈើសេសសល់ស្ថិតក្នុងឃុំ គោកធ្លកលើ និងឃុំពង្រលើស្រុកជីក្រែង ខេត្តសៀមរាបថ្កើននិងបទបញ្ជារបស់រាជរដ្ឋាភិបាល។

យោងតាមសម្តីប្រជាពលរដ្ឋម្នាក់រស់នៅក្នុងភូមិ ក្បាលដំរី ឃុំពង្រលើ ស្រុកជីក្រែង ដែលកំពុងអាស្រ័យផល នៅចំណុចអូរ ក្បាលដំរី ប៉ែកខាងកើត ស្ថិតក្នុងអាងទំនប់ម្កាក់ បានប្រាប់អ្នកសារព័ត៌មានថា ប្រជាពលរដ្ឋបានកាប់រានព្រៃនៅចំណុចនេះដោយដៃ ហើយភ្ជួររាស់ដោយន័ង្គលគោ ក្របី ឬគោយន្តកន្ត្រៃ មិនដែលមាននណាម្នាក់ហ៊ានយកត្រាក់ទ័រ មកឈូសឆាយទេ ទើបតែឆ្នាំនេះជាពេលដែលជិតបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តស្រាប់តែមានគេយកត្រាក់ទ័រមកឈូសឆាយ។
គាត់បន្តទៀតថាម្ចាស់ត្រាក់ទ័រមានឈ្មោះ( គក់ ) បច្ចុប្បន្ន រស់នៅភូមិ ចេក ឃុំ ពង្រលើ រីឯម្ចាស់ដីវិញគាត់មិនស្គាល់ទេព្រោះវាជាដីថ្មីមិនទាន់មានម្ចាស់ !គាត់ថាឃើញត្រាក់ទ័រចំនួន២ គ្រឿងធ្វើសកម្មភាពបានតែបន្តិចស្រាប់តែបើករត់ចេញទៅក្រៅវិញ។

ពាក់ព័ន្ធករណីខាងលើនេះលោក ឡែម ខែម អនុប្រធានធនធានទឹក ទំនប់ម្កាក់ បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថាដីដែលត្រាក់ទ័រចូលឈូសឆាយគ្មានអ្វីពាក់ព័ន្ធនឹងដីចំណីទឹកនោះទេ លោកអោយសួរទៅអាជ្ញាធរមូលដ្ឋានទើបបានដឹង។
លោក ខៀវ ប៊ុនឈឿន មេឃុំ ពង្រលើ បានប្រាប់អ្នកសារព័ត៌មានថា ដីអូរក្បាលដំរីប៉ែកខាងកើតពិតជាមិនប៉ះពាល់ដល់ដីចំណីទឹកមែនតែប៉ែកខាងលិច អន្តរក្រសួងចេញសំណងអោយប្រជាពលរដ្ឋពលរដ្ឋហើយ រីឯខាងកើតអូរដីដែលវាលហើយប្រជាពលរដ្ឋអាចអាស្រ័យផលបាន ព្រោះដីនៅចំណុចនោះសុទ្ធតែជាដីកេរ្តិ៍ពីដូនតារបស់ប្រជាពលរដ្ឋ លោក បានបន្តទៀតថាចំណែកដីព្រៃដែលមិនធ្លាប់អាស្រ័យផល ហើយគ្រឿងចក្រចូលឈូសឆាយគ្មានអ្វីពាក់ព័ន្ធនឹងអាជ្ញាធរទេ គឺពាក់ព័ន្ធនឹងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើប្រសិនបើ សង្កាត់រដ្ឋបាលព្រៃឈើគេអនុញ្ញាតអោយឈូសឆាយអាចឈូសឆាយបានព្រោះដីនេះក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។

លោក វណ្ណ សាវុធ នាយរងសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ ដែលនៅប្រចាំស្នាក់ការ ស្ពានគំរូ អ្នកសារព័ត៌មានទូរស័ព្ទដើម្បីបំភ្លឺក្នុងរឿងនេះតែទូរស័ព្ទចូលជាច្រើនដងត្រូវបានលោកចុចផ្ដាច់ទៅវិញ។ ក្នុងរឿងនេះដែរ មានបុរសម្នាក់អះអាងថាលោក( គក់ )ត្រូវជាប្អូនថ្លៃពិតជាម្ចាស់ត្រាក់ទ័រ១ គ្រឿង រីឯ១ គ្រឿងទៀតលោកមិនស្គាល់ម្ចាស់ទេ។ ប៉ុន្តែនៅពេលដែលអ្នកសារព័ត៌មានសុំលេខទូរស័ព្ទរបស់លោកគក់ បែជាបងថ្លៃបានប្រាប់ថាគាត់អត់ស្គាល់លេខ ទូរស័ព្ទរបស់លោកគក់ ទេ។
ដោយសារតែខ្លះកាប់បំផ្លិចបំផ្លាញព្រៃឈើដោយដៃ ហើយនិងមានត្រាក់ទ័រ ទើបតែចូលថ្មីៗ ប្រជាពលរដ្ឋដែលគ្មានដីកេរ្ដិ៍ពីដូនតានៅចំណុចនោះបាន ត្អូញត្អែរថាសម័យនេះហើយនៅនិយាយថាដីកេរ្ដិ៍ពីដូនតាទៀត ពួកគាត់ថាការឃុបឃិតនិងពួកបក្សនិយម ព្រមទាំងពុករលួយច្រើនជាង។

ជាចុងក្រោយប្រជាពលរដ្ឋសូមសំណូមពរដល់លោក ទៀ គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប មេត្តាចង្អុលរបង្ហាញដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវតែអនុវត្តច្បាប់រដ្ឋបាលព្រៃឈើប្រសើរជាជាងការឃុប ឃិតប្រព្រឹត្តអំពើពុករលួយ ព្រោះអនាគត អេកូឡូស៊ីធម្មជាតិពឹងពាក់លើអស់លោកអ្នកជាជំនាញ់រដ្ឋបាលព្រៃឈើទាំងស្រុងហើយ។
តាមសម្តីរបស់ប្រជាពលរដ្ឋ និងបុរសម្នាក់អះអាងថាជាបងថ្លៃរបស់លោក គក់ បញ្ជាក់ថាម្ចាស់ត្រាក់ទ័រពពិតជាឈ្មោះ គក់ ប្រាកដមែន អ្នកសារព័ត៌មានមិនអាចធ្វើការទំនាក់ទំនងទៅលោក គក់ បានទេ ព្រោះគ្មានលេខទូរស័ព្ទ អង្កភាពយើងខ្ញុំរង់ចាំការបកស្រាយរបស់លោក គក់ រៀងរាល់ម៉ោងធ្វើការនៅពេលក្រោយ៕
