ខេត្តកំពង់ធំ÷ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥បានអញ្ជើញជួបសំណេះសំណាលនិងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ពលរដ្ឋចំនួន០២ភូមិ គឺភូមិនាងល្អ និងភូមិ វាលអំពិល ក្នុងឃុំទ្រៀល ស្រុកតាំងគោក ដែលមានបណ្ណសរុប ១.៧៧៣បណ្ណ ស្មើនឹង ៥៤១គ្រួសារ ។




ឯកឧត្តម បានមានប្រសាសន៍ថា ប្លង់កម្មសិទ្ធិដីធ្លីនេះ គឺមានការពារដោយច្បាប់ ធានាដោយរដ្ឋ ហើយពលរដ្ឋអាចយកប្លង់ទៅប្រើប្រាស់ជាប្រយោជន៍ដើម្បីលើកស្ទួយជីវភាពគ្រួសារ នេះគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លីបន្ថយទំនាស់ដីធ្លីពីធំមកតូច និងពីតូចមកគ្មានទំនាស់ !មិនតែប៉ុណ្ណោះបានពង្រឹងទីផ្សារដីធ្លីជាពិសេសការចូលរួមចំណែកបង្កើនចំណូលថវិការដ្ឋតាមរយៈពន្ធប្រថាប់ត្រា និងការប្រមូលពន្ធប្រចាំឆ្នាំលើអចលនទ្រព្យ។

ឯកឧត្តម នួន ផារ័ត្ន បានសំណូមពរដល់អាជ្ញាធរដែនដីត្រូវចូលរួមសហការជំរុញ ការចុះបញ្ជីដីធ្លីឲ្យបានឆាប់ គ្រប់ភូមិ/ឃុំ ដែលនៅមិនទាន់វាស់វែង តាមរយៈការជូនដំណឹងដល់បងប្អូនជាម្ចាស់ដី សហការចុះកំណត់ព្រំដីផ្លូវ ត្រពាំង ប្រឡាយទឹក ឲ្យបានច្បាស់លាស់ និងជួយសម្របសម្រួលដោះស្រាយវិវាទព្រំ ឬការដណ្តើមសិទ្ធលើក្បាលដី ការសម្រួលឯកសាររណប មានដូចជាអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ លិខិតអំណោយ ការបញ្ជាក់ភាពនៅលីវ លែងលះ ជាដើម ជូនដល់ប្រជាពលរដ្ឋ ព្រោះការចុះបញ្ជីដីធ្លីនាំឲ្យមានការកំណត់ច្បាស់លាស់រវាងដីរដ្ឋ និងដីឯកជន ការកំណត់ព្រំ និងសិទ្ធ លើក្បាលដី ការរៀបចំដែនដី បរិយាកាសគ្មានវិវាទ ដើម្បីចូលរួមចំណែកកាត់បន្ថយទំនាស់ និងកាត់បន្ថយភាពក្រីក្រ ។

លើសពីនេះទៀត ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋពេលមានតម្រូវការសាងសង់ លំនៅដ្ឋាន ឫសំណង់អាគារផ្សេងៗដូចជារបង ឃ្លាំង ជាដើម ត្រូវសុំការអនុញ្ញាតច្បាប់សាងសង់ជាមុនមិន





ត្រូវសាងសង់លើដីសាធារណៈ ដូចជាដីចំណីផ្លូវ ចំណីស្ទឹង ឫសាងសង់រំលោភលើ ព្រំអ្នកជិតខាងដែលនាំឲ្យកើតមានវិវាទខាតបង់ពេលវេលា និងផលប្រយោជន៍ ព្រមទាំងជំរុញដល់មន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ខិតខំវាស់វែងឲ្យបានចប់សព្វគ្រប់ទូទាំងខេត្តតាមផែនការរបស់ក្រសួងក្នុងបំណាច់ឆ្នាំ២០២៥ ខាងមុខនេះ។
