ខេត្តសៀមរាប÷ ដោយបានការព្រមព្រៀងពីព្រះមេគណខេត្តសៀមរាប និង ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមគ្រប់ក្រុងស្រុកព្រះគ្រូចៅអធិការវត្ត និងគណៈកម្មការអាចារ្យវត្តទាំង៧ក្នុងក្រុងសៀមរាបបានប្រគេនព្រះសាសនសត្ថា តង់ តន ព្រះបាឡាត់ គណខេត្តសៀមរាប និងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន ព្រមទាំងលោកអាចារ្យ គណៈកម្មការវត្តជាអ្នកទទួលផ្តួចផ្តើមនិងបានរៀបចំប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីរកថវិកាមកទ្រទ្រង់ កិច្ចការងារនានាក្នុងពុទ្ធិកវិទ្យាល័យរាជបូណ៌នារសៀលថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០២៥នេះនៅឧបដ្ឋានសាលាវត្តព្រះព្រហ្មរ័ត្ន។


ព្រះសាសនសត្ថា តង់ តន បានមានថេរដីកាថាវត្តអារាម បានដើរតួនាទីជំរុញបណ្តុះសីលធម៌ គុណធម៌ ហើយវត្តអារាម បានក្លាយទៅជាទីកន្លែង អប់រំទាំងផ្លូវកាយ ផ្លូវចិត្ត កសាងធនធានមនុស្ស ឲ្យមានចំណេះដឹងគ្រប់បែបយ៉ាង និងជាឃ្លាំងសម្រាប់រក្សាទុកនូវ មតិកវប្បធម៌ ប្រពៃណី ចំណេះដឹងដ៏សំបូរបែប ដែលផ្តល់គុណតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវមិនចេះរីងស្ងួតឡើយ ដោយក្នុងនោះដែរវត្តអារាម គឺជាទីកន្លែងដ៏ទូលាយក្នុងការបញ្ជ្រាប និងថែរក្សាអត្តសញ្ញាណ ព្រលឹងជាតិ ដ៏សំខាន់តាំងតែពីបរមបុរាណដរាបរៀងមក ហើយតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន កាលនេះ វត្តអារាមជួយផ្តល់កន្លែងស្នាក់នៅ បួសរៀនសូត្រចំណេះដឹងទូទៅដល់អ្នក ដែលមានការខ្វះខាត។ ក្នុងនាម ព្រះបាឡាត់គណខេត្តទទួលបន្ទុកនិងត្រួតពិនិត្យសាលាធម្មវិន័យ និងសាលាពុទ្ធិកសិក្សាគ្រូ និង

សមណសិស្ស ព្រះសាសនសត្ថា តង់ តន មានថេរដីកាថាដើម្បីធ្វើការដោះស្រាយបញ្ហាហិរញ្ញវត្ថុ កិច្ចការងាររដ្ឋបាលក្នុងពុទ្ធិកវិទ្យា- ល័យរាជបូណ៌ ដែលកំពុងជួបប្រទះមួយចំនួន មានដូចជា ៖ការចំណាយ ឧបត្ថម្ភលោកគ្រូ អ្នកគ្រូ បម្រើសេវាបង្រៀនប្រចាំខែដោយ ហេតុថាសាលាមិនមានគ្រូក្របខណ្ឌច្រើន ដើម្បីឱ្យកម្មវិធីសិក្សាប្រកបដោយវឌ្ឍនភាព គុណភាពរឹងមាំ គណៈគ្របគ្រងបានស្នើសុំអញ្ជើញគ្រូមកពីបណ្ដាសាលាចំណេះទូទៅផ្នែកអាណាចក្រក្នុងខេត្តសៀមរាប ហើយជួយជាសេវាបង្ហាត់បង្រៀនតាមឯកទេសរៀងៗខ្លួនដោយផ្ដល់ជាថវិកាបន្ថែមលើប្រាក់ម៉ោងរដ្ឋ ។ ការបំពេញបន្ថែមលើរបបប្រាក់ម៉ោងបង្រៀនប្រចាំខែ ហេតុថាប្រាក់ម៉ោងសេវាបង្រៀនដែលទទួលបានពីរដ្ឋនៅមានកម្រិត ហេតុនេះសាលាត្រូវបន្ថែមប្រាក់មួយចំនួនជូនលោកគ្រូ អ្នកគ្រូឲ្យសមនឹងសេដ្ឋកិច្ច និង

ចំណាយប្រចាំថ្ងៃ លើកម្មវិធីសិក្សាបន្ថែមលើម៉ោងរដ្ឋ មានបញ្ចូល ម៉ោងស្វ័យសិក្សា ម៉ោងបំប៉ន និងថ្នាក់បច្ចេកវិទ្យា និង ដើម្បីសម្រួលដល់កិច្ចការងារដ្ឋបាលសាលាទូទៅ មានដូចជាសៀវភៅកិច្ចការសិស្ស សៀវភៅកិច្ចការគ្រូ លិខិតបទដ្ឋានគតិយុត្តិនានា គ្រឿងប្រើប្រាស់ក្នុងការិយាល័យ តាមថ្នាក់ ថ្លៃទឹកភ្លើងប្រចាំខែ ដើម្បីបង់ថ្លៃសេវាភ្លើងមួយខែៗ ព្រោះតាមបន្ទប់ថ្នាក់មានកង្ហារ មានភ្លើង ជាតម្រូវការរបស់សមណសិស្ស និងសម្ភារ:ប្រើប្រាស់របស់លោកគ្រូ អ្នកគ្រូប្រចាំថ្ងៃនិងខែ និងប្រចាំឆ្នាំ ជាហេតុញ៉ាំងការចំណាយកើនឡើង ព្រមទាំងចាំបាច់ត្រូវចំណាយច្រើនឧបត្ថម្ភគណៈកម្មការគ្រប់ផ្នែកជួយសម្រួលកិច្ចការសមណសិស្សតាមថ្នាក់ និងចាត់ចែងលើសកម្មភាពបន្ទាន់នានាផងដែរ ។

ព្រះសាសនសត្ថា តង់ តន ព្រះបាឡាត់គណខេត្តសៀមរាប និងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន បានមានថេរដីកាបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងនីតិកាលទី៧ ដែលបន្តដឹកនាំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពរបស់កម្ពុជា បានយកចិត្តទុកដាក់ទាំងវិស័យអាណាចក្រនិងពុទ្ធិចក្រ លើកតម្កើនសាលាបាលីនិងពុទ្ធិកសិក្សា ព្រះគុណធម៌ សីលធម៌ របស់ពុទ្ធសាសនាចាំបាច់ធ្វើឲ្យមានតុល្យភាពរីកចម្រើនខាងសម្ភារៈនិងខាងស្មារតី ពុទ្ធចក្រនឹងអាណាចក្រត្រូវដើរទន្ទឹមគ្នាក្នុងល្បឿនស្មើរគ្នា ដើម្បីចូលរួមចំណែក ថែរក្សាសន្តិភាព សុខមាលភាពសង្គមនិងភាពសុខសាន្តរបស់ប្រជាជន។ សូមបញ្ជាក់ជូនដែរថាបុណ្យផ្កាប្រាក់សាមគ្គីដើម្បីរកថវិកាទ្រទ្រង់ ដល់ពុទ្ធិកវិទ្យាល័យរាជបូណ៌ក្នុងខេត្តសៀមរាប គឺទទួលបានបច្ច័យជាបឋមគឹប្រមាណជាង៥០លានរៀលផងដែរ ៕