ខេត្តកំពង់ធំ÷ពលរដ្ឋងឿងឆ្ងល់ថាដីសត្តឃាតដ្ឋានក្រុងស្ទឹងសែនជាដីរបស់រដ្ឋចុះហេតុអី្វបានជាមានគេចាក់ដីនិងឈូសឆាយបង្រាប បានយ៉ាងរលូនមិនឃើញមានអាជ្ញាធរឬសមត្ថកិច្ចចុះហាមឃាត់!
តើដីនេះត្រូវបានគេលក់ឬដោះដូរឬក៏គេជួលឲ្យទៅអ្នកណា ទើបមិនមានសេចក្តីប្រកាសជូនដំណឹងចេញពីរដ្ឋបាលក្រុងស្ទឹងសែនឬរដ្ឋបាលខេត្តកំពង់ធំ ដល់សាធារណជនឱ្យបានដឹង ហេតុអ្វីបានជាធ្វើអ្វីស្ងាត់ៗដូច្នោះ ?។


តាមប្រភពព័ត៌មាននិងយោងតាមឯកសារមួយចំនួនបានបញ្ជាក់ថាដីសត្តឃាតដ្ឋាននេះមានរឿងចម្រុងចម្រាស់យូរឆ្នាំមកហើយដោយមានការប្ដឹងផ្ដល់ឡើងតុលាការឧទ្ធរណ៍និងតុលាការកំពូលទៀតផង !ចុងក្រោយបានសម្រេចអនុវត្តតាមតុលាការកំពូលក្លាយជាដីរបស់រដ្ឋដោយឲ្យមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាអ្នកគ្រប់គ្រងសារពើព័ន្ធរបស់រដ្ឋ និងមន្ទីរកសិកម្មជាអ្នកមើលសំណើរសំណង់ ដែលត្រូវបានឈូសឆាយប៉ះពាល់លើដីសត្តឃាតដ្ឋាននេះ។


ពាក់ព័ន្ធនឹងការងារឆ្ងល់របស់ពលរដ្ឋអង្គភាពសារព័ត៌មានរិទ្ធីដាវដែកបានសុំសម្ភាសន៍ទៅលោកប៉ែនវណ្ណរិទ្ធប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ លោកបានឆ្លើយតបថាដីនេះមន្ទីរកសិកម្មពុំមានសិទ្ធិលក់ដូរនោះឡើយ។
ជុំវិញការបកស្រាយខាងលើយើងក៏បានសម្ភាសន៍ទៅលោក ស៊ូចន្ទ្រី អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំលោកបានឆ្លើយតបថាលោកមិនសូវដឹងច្បាស់លាស់ទេ តែលោកដឹងខ្លះៗថាដីនោះត្រូវបានខេត្តជាអ្នកឱ្យរួសរើបន្ទប់ទឹកនិងបង្គន់អនាម័យចេញពីសួនតោប្រាំបីមកដាក់កន្លែងថ្មីនិងធ្វើការ៉ាសសាំង ប៉ុន្តែផលប៉ះពាល់លើដីរដ្ឋរបស់មន្ទីរកសិកម្មលោកមិនបានដឹងទេ ដឹងថាដីដែលកំពុងឈូសឆាយពង្រាបនោះគឺដីដោះស្រាយផលប៉ះពាល់រួចហើយ។


ជុំវិញការងារឆ្ងល់និងមានមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋថាមានការលក់ឬដោះដូរដីរបស់រដ្ឋនោះ ត្រូវបានឯកឧត្តម នួនផារ័ត្នអភិបាលខេត្តកំពង់ធំ លោកមានប្រសាសន៍ឆ្លើយតបថា លោកបានណែនាំទៅមន្ទីរកសិកម្មខេត្តកំពង់ធំឲ្យមានការជួលដីទៅឲ្យឧកញ៉ាដើម្បីធ្វើការ៉ាស់សាំង និងរួសរើបន្ទប់ទឹកនិងបង្គន់អនាម័យមកដាក់កន្លែងផ្សេងឲ្យឆ្ងាយពីសួនតោប្រាំបីរ ហើយបង្កើតជាចំណតរថយន្តផងនិងចំណតសាករថយន្តអគ្គិសនីផងព្រមទាំងកែលម្អសួនឲ្យមានសោភ័ណ្ឌភាពនិងសេដ្ឋកិច្ចខេត្តព្រមទាំងអោយមានការទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ ។