ខេត្តឧត្តរមានជ័យ÷ សាច់សត្វឬសត្វព្រៃជាច្រើនប្រភេទត្រូវបានគេប្រទះឃើញអាជីវករដាក់លក់នៅក្នុងផ្សារ ស្ពានអូរជីក មានទាំងសត្វរស់និងសាច់សត្វជាច្រើនដាក់លក់ដង្ហែតាមផ្លូវផ្សារស្ពានអូរជីកស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។


តាមការរៀបរាប់ពីពួកអាជីវករលើកឡើងថា អ្នកលក់សត្វព្រៃទាំងនេះបានលក់ច្រើនឆ្នាំមកហើយ មិនដែលឃើញមន្ត្រីជំនាញ សមត្ថកិច្ច ឬមន្ត្រីបរិស្ថានចុះមកណែនាំ ចាប់ឬបង្ក្រាបឬមានចំណាត់ការម្ដងណាឡើយទើបក្រុមអ្នកលក់សត្វព្រៃទាំងនេះនៅតែលក់សាច់សត្វជាហូរហែរសឹងតែរៀងរាល់ថ្ងៃ ឯអ្នកបរបាញ់សត្វព្រៃនៅតែបន្តបាញ់សត្វព្រៃយកមកលក់ដោយមិនខ្លាចបាត់បង់ពូជសត្វព្រៃនោះឡើយ។


ពលរដ្ឋលើកឡើងថាហេតុអ្វីបានជាអភិបាលខេត្តមិនមានចំណាត់ការតឹងរឹងចេញបញ្ជាឲ្យមន្ត្រីក្រោមឱវាទដែលគ្រប់គ្រងនិងថែរក្សាសត្វព្រៃទាំងនោះឱ្យខានតែបាន !ឬមួយមិនមានព័ត៌មានទាំងនេះរាយការណ៍ទៅលោកអភិបាលខេត្ត? បើសិនជាមានបទបញ្ជាពីអភិបាលខេត្តម្ល៉េះមន្ត្រីក្រមឱវាទទាំងនោះនិងរារាំងមិនឲ្យមានការបរបាញ់សត្វព្រៃក្នុងដែនគ្រប់គ្រងរបស់ខ្លួនបានហើយ។ តែនេះមិនមានចំណាត់ការអ្វីទាំងអស់ធ្វើឲ្យពលរដ្ឋចង់រិះគន់លើមន្ត្រីគ្រាប់ល្ពៅមួយចំនួនគ្មានឆន្ទៈក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសបាញ់សត្វខុសច្បាប់នោះឡើយគឺមានតែអ្នកចាំទទួលលាសក្ការៈបានផលលាភពីសត្វព្រៃទើបបានមិនបង្ក្រាប។


ពលរដ្ឋសម្ដែងការព្រួយបារម្ភនិងសំណូមពរសុំឲ្យ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ចេញបទបញ្ជាឲ្យបានតឹងរឹងនិងមានចំណាត់ការចំពោះមន្ដ្រីជំនាញក្រោមឱវាទ ណាដែលអសកម្មក្នុងការបង្ក្រាបបទល្មើសឃុបឃិតឱ្យមានការបរបាញ់សត្វព្រៃនិងមានគំនិតឃុបឃិតជាមួយក្រុមបំផ្លិចបំផ្លាញសត្វព្រៃដើម្បីលាភសក្ការៈដែលជាមូលហេតុធ្វើឲ្យវិនាសសត្វព្រៃ ទាំងនោះផងទាន៕