ខេត្តឧត្តរមានជ័យ៖ រថយន្ដ(សាំយ៉ុង)មួយគ្រឿងម្ចាស់ឈ្មោះ (ក្រួច) កំពុងតែសប្បាយក្នុងការដឹកជញ្ជូនគ្រឿងសង្ហារឹមយ៉ាងសកម្មជារៀងរាល់ថ្ងៃរាល់យប់ឯមន្ត្រីជំនាញពាក់ព័ន្ធគ្មានការបង្ក្រាប។

រថយន្ដសាំយ៉ុងមួយគ្រឿង ពណ៌លឿង ដំបូលពណ៌ស ពាក់ស្លាក់លេខ(ភ្នំពេញ.2P-4265)ដែលមានម្ចាស់ឈ្មោះ(ក្រួច) បានធ្វើការដឹកជញ្ជូនគ្រឿងសង្ហារឹមកែច្នៃពីឈើប្រណីត ជារៀងរាល់ថ្ងៃមិនដែលឃើញ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធណា ធ្វើការទប់ស្កាត់បង្ក្រាបបានម្ដងណាឡើយ។


ជាក់ស្ដែងអ្នកសារព័ត៌មានយើង បានប្រទះឃើញរថយន្ដនេះ កំពុងតែធ្វើសកម្មភាពដឹកឈើគ្រឿងសង្ហារឹមពេញៗ ស្ទើរតែបាក់រថយន្ត ចេញពីទឹកដីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឆ្ពោះយកទៅតាមបណ្ដាខេត្តនានា ដោយសកម្មភាពទាំងអស់នេះ ហាក់ដូចជាមិនរំខានដល់សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធនៅតាមមូលដ្ឋានសោះ រួមទាំងប៉ូលីសចរាចរណ៍ ដែលធ្វើការនៅតាមដងផ្លូវផងដែរ តើមកពីហេតុអ្វី?


បើយោងតាមប្រភពជាច្រើនបានបង្ហើបឲ្យដឹងថា រថយន្ដសាងយ៉ុងនេះ តែងតែដឹកជញ្ជូនឈើគ្រឿងសង្ហារឹម ចេញពីទឹកដីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឆ្ពោះទៅចែកចាយនៅតាមបណ្ដាខេត្តស្ទើរតែជារៀងរាល់ថ្ងៃ ប៉ុន្តែសមត្ថកិច្ចនិងមន្ត្រីជំនាញ ជាពិសេសសង្កាត់រដ្ឋបាលព្រៃឈើ តាំងពីថ្នាក់ស្រុកដល់ខេត្ត ហាក់ធ្វើមិនដឹងមិនឮ ដែលបង្កលក្ខណៈងាយស្រួល ឲ្យមេឈ្មួញរូបនេះ ធ្វើការដឹកជញ្ជូនបទល្មើសគ្រឿងសង្ហារឹមកែច្នៃពីឈើប្រណីត បានយ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃ រាប់ឆ្នាំកន្លងមកហើយ។




គួររំលឹកផងដែរថា កាលពីពេលកន្លងទៅនេះ មន្ត្រីថ្នាក់ជាតិដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដល់មន្ត្រីកងរាជអាវុធហត្ថទូទាំងប្រទេស ធ្វើយ៉ាងណាត្រូវតែបង្ក្រាបឲ្យខានតែបាន រាល់បទល្មើសព្រៃឈើគ្រប់ប្រភេទ។
ដូច្នេះក៏សូមសំណូមពរដល់ មន្ត្រីកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ជាពិសេសលោក អ៊ឹម សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ សូមមេត្តាចាត់វិធានការបង្ក្រាបទប់ស្កាត់ ទៅលើឈ្មួញនេះផងទាន ដើម្បីចូលរួមថែរក្សានិងការពារ ព្រៃឈើដែលជាសម្បត្តិធម្មជាតិរបស់យើងទាំងអស់គ្នា៕
