ខេត្តសៀមរាប÷នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ រស់នៅក្នុងឃុំពពេល ឃុំតាយ៉ែក ឃុំចាន់សរ និងឃុំសំរោង ស្រុកសូទ្រនិគម ខេត្ដសៀមរាប បានទទួលអំណោយពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ដសៀមរាប ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២០គីឡូក្រាម មី១កេះ ភួយ១ សារុង១ និងកន្ទេល១។


ក្នុងឱកាសនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប បាននាំនូវមតិសួរសុខទុក្ខពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ដសៀមរាប និង ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្ត ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ពិតណាស់រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្ដទុកដាក់ និងគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់ចោលឡើយ។ លោកអភិបាលរងខេត្ត ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានកូនចៅត្រឡប់មកពីប្រទេសថៃ សូមជួយជំរុញ និងលើកទឹកចិត្តឱ្យពួកគាត់មកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសផ្សេងៗ នៅតាមវិទ្យាស្ថាន និងសាលានានាក្នុងក្រុងសៀមរាប ដើម្បីទទួលបានឱកាសការងារមួយដែលសមរម្យ និងទទួលបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។


លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ដ បានឱ្យដឹងថា កម្មវិធីផ្ដល់កញ្ចប់ស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះមហន្ដរាយធម្មជាតិ និងចាស់ជរាក្រីក្រតាមសហគមន៍ គឺចាប់តាំងពីឆ្នាំ២០២២មក ដែលបង្កើតឡើងក្នុងគោលបំណងអនុវត្ដគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រួលទុក្ខលំបាកជីវភាពរស់នៅ និងកាត់បន្ថយជនរងគ្រោះ ជនងាយរងគ្រោះរបស់ប្រជាជនក្រីក្រនៅក្នុងសហគមន៍ ដោយមានស្ដង់ដារសេវា ប្រភេទ១ កម្រិតធ្ងន់ ប្រភេទ២ កម្រិតមធ្យម និង ប្រភេទ៣ កម្រិតស្រាល៕