(កំពង់ធំ)៖លោកជំទាវ ឃួន ឃុនឌី សមាជិក
ព្រឹទ្ធសភានិងលោកជំទាវ យស ថានារី សមាជិករដ្ឋសភា រួមទាំងក្រុមការងារ ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០២៥បានចុះសួរសុខទុក្ខវីរៈកងទ័ពចំនួន៣នាក់ដែលរងរបួសនៅសមរភូមិជួរមុខកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។

លោកជំទាវបានបញ្ជាក់ពីទឹកចិត្តគោរពកោតសរសើរនិងដឹងគុណដល់វីរភាពកងទ័ព ដែលបានតស៊ូ លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារបូរណៈភាព និងសេចក្តីសុខសន្តិភាពជូនជាតិ និប្រជាជន ព្រមទាំងសម្តែងនូវអំណរគុណដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានកំពុងបំពេញនាទីជាកងទ័ពអាវសជួរក្រោយដោយឈរលើសាមគ្គីភាព ជាធ្លុងមួយ យកចិត្តទុកដាក់មិនរាថយ បម្រើការថែទាំព្យាបាលអ្នកជំងឺគ្រប់ស្ថានការណ៍ ប្រកបដោយវិជ្ជាជីវៈ និងសេចក្តីស្រឡាញ់ អាណិតអាសូរ។

លោកជំទាវបានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីបានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជាជនភៀសសឹក ដែលបានជម្លៀសខ្លួនចេញពីតំបន់ប្រយុទ្ធគ្នា។

លោកជំទាវ ឃួន ឃុនឌី បានមានប្រសាសន៍បញ្ជាក់ថា«ផលវិបាកនៃសង្គ្រាម បានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់ ហើយប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ និងសត្វចិញ្ចឹមដែលមិនអាចយកមកជាមួយបាន ដែលទុក្ខលំបាកនេះធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់ពីតម្លៃនៃសន្តិភាព អរគុណសន្តិភាព»។

គួរបញ្ជាក់ថាវីរយុទ្ធជនដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំមានដូចខាងក្រោម៖

១.ឈ្មោះ អ៊ុន នី ភេទប្រុស អាយុ ៤២ ឆ្នាំ
ភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អង្គភាព វរះសេនាតូទនគរបាលការពារព្រំដែនគោកលេខ៧៩៣ តួនាទី មន្រ្តីប៉ុស្តិ៍គរបាលការពារព្រំដែនគោកអានសេះ ឋាន:អនុសេនីយ៍ទោ ។

២. ឈ្មោះ សុំវង្ស វិចិត្រ ភេទប្រុស អាយុ ៤២ ឆ្នាំ ភូមិព្រៃស្បូវ សង្កាត់ អូកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ អង្គភាព វរះសេនាតូទនគរបាលការពារព្រំដែនគោកលេខ៧៩៣ តួនាទី នាយរងប៉ុស្តិ៍ប៉ុស្តិ៍គរបាលការពារព្រំដែនគោកអានសេះ ឋាន: អនុសេនីយ៍ឯក ។

៣. ឈ្មោះ ស៊យតុហៃ ភេទប្រុស អាយុ ២៧ ឆ្នាំ ភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ អង្គភាព បញ្ជាការដ្ឋានការពារអាកាស ឋាន: ពលទោ។ អត្ថបទដោយ សូរហ៊ាន សំអាង