(កំពង់ធំ)÷ លោកជំទាវ ជា សិរី បានគោរពដឹងគុណខ្ពស់ដល់វីរភាពលោក ជួង លៀប ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ លោកជំទាវទេសាភិបាលធនាគារជាតិ នៃកម្ពុជាបានគោរពដឹងគុណដូច្នេះនៅក្នុងឱកាសដែលលោកជំទាវ និងសហការីបានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសពលោក ជួង លៀប នៅភូមិព្រំស្រី ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២៥។




ទន្ទឹមនឹងនេះលោកជំទាវបានចូលរួមសម្ដែងសមានចិត្តរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយភរិយានិងកូនៗលោក ជួង លៀប ដែលបានបាត់បង់នូវស្វាមី និងពុកជាទីគោរពស្រឡាញ់មិនអាចជួបគ្នាវិញបានទៀតក្នុង នាមបុព្វហេតុការពារជាតិមាតុភូមិដ៏ផូផង់នៃយើង ពីការបង្ករសង្គ្រាមឈ្លានពានយ៉ាងកម្រោលរបស់ចោរសៀម ហើយបានណែនាំដល់ ភរិយានិងកូនៗត្រូវនាំគ្នាថែរក្សាសុខភាពឱ្យបានល្អប្រសើរជាពិសេសកូនប្រុសដែលនៅរៀនវិទ្យាល័យហ៊ុនសែនរុងរឿងត្រូវបន្តសិក្សារៀនសូត្រឱ្យបានពូកែ និងទទួលបានលទ្ធផលល្អក្នុងឆ្នាំនេះ។




ទន្ទឹមនឹងនេះភរិយានិងកូនៗលោក ជួង លៀប បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងធនាគារ LOLC ដែលបានលុបបំណុលទាំងស្រុងរបស់ក្រុមគ្រួសារគាត់បានខ្ចី ដែលនេះគឺជាផ្នែកមួយក្នុងការលើកកម្ពស់ជីវភាពនិងកាត់បន្ថយនូវបន្ទុកគ្រួសារគាត់មួយកម្រិតខ្ពស់។
លើសពីនេះលោកជំទាវ ជា សិរី បានកោតសរសើរខ្ពស់ដល់លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី ដែលបានរៀបចំចាត់ចែងសម្របសម្រួលធ្វើបុណ្យ ជូនសពលោក ជួង លៀប តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាយ៉ាងសក្តិសមនិងគួរជាទីមោទកភាពក្រៃលែងក្នុងនាមលោកជីវជនដែលស្ថិតនៅក្នុងការចងចាំរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងនិងពលរដ្ឋខ្មែរគ្រប់ៗរូប។






សូមបញ្ជាក់ថា នៅក្នុងឱកាសនេះ លោកជំទាវបានចូលរួមនូវថវិកាចំនួន ១០លានរៀល គ្រឿងឧបភោគបរិភោគមួយចំនួននិងបានចែកទានដល់អ្នកដែលបានចូលរួមព្រមទាំងកុមារនៅក្នុងឱកាសនេះផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង





