(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងធ្វើឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ដោយមានបេក្ខជនចូលរួមប្រមាណជាង ៥ពាន់នាក់។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ រដ្ឋបាលក្រុង-ស្រុក កងកម្លាំងទាំង៣ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់។

ឯកឧត្តម ជា វ៉ាន់ចាន់ បានឲ្យដឹងថា ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥នេះ ខេត្តកំពង់ធំ មានសិស្សចូលប្រឡងចំនួន៥,៧៩១នាក់ ស្រីមានចំនួន៣,៣២០នាក់។ ក្នុងនោះ មានមណ្ឌលប្រឡងចំនួន១១ រួមមាន៖ មណ្ឌលអនុវិទ្យាល័យថ្នល់បែក, មណ្ឌលបឋមអនុវត្តហ៊ុនសែនអាចារ្យលាក់, មណ្ឌលសាលាគរុកោសល្យ និងវិក្រឹតការហ៊ុនសែនកំពង់ធំ, មណ្ឌលអនុវិទ្យាល័យតេជោមាស, មណ្ឌលអនុវិទ្យាល័យកំពង់រទេះ, មណ្ឌលវិទ្យាល័យហ៊ុនសែនបល្ល័ង្ក (ជើង), មណ្ឌលវិទ្យាល័យហ៊ុនសែនបល្ល័ង្ក (ត្បូង), មណ្ឌលបឋមសិស្សាហ៊ុនសែនបល្ល័ង្ក, មណ្ឌលបឋមសិស្សាហ៊ុនសែនត្រពាំងវែង, មណ្ឌលវិទ្យាល័យស្ទឹងសែន, និងមណ្ឌលអនុវិទ្យាល័យបញ្ញាជី។

ឯកឧត្តម បន្តទៀតថា សមត្ថកិច្ចជំនាញអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច ត្រូវសហការគ្នាជួយតាមដាន ត្រួតពិនិត្យការពារសណ្ដាប់ធ្នាប់ និងអនុវត្តទៅតាមច្បាប់ដែលពាក់ព័ន្ធជាធរមានផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រសួងអប់រំ យុវជន និងកីឡាពីថ្មីៗនេះ បានសម្រេចពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ដែលគ្រោងរៀបចំនៅថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២៥ លើកទៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ វិញ។ អត្ថបទ-រូបភាពដោយ ចន្ថា បុណ្យឫទ្ធិ