(កំពង់ធំ)៖ លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ លោក កែវ ផល នាយកសាខា មន្ត្រីសាខា ក្រុមការងារថ្នាក់ស្រុក និងក្រុមការងារឃុំ/ភូមិ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានចុះពិនិត្យមើលការខូចខាតផ្ទះអស់ទាំងស្រុង និងរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នង នៅឃុំងួន១ខ្នង នៅឃុំឈើទាល៥ខ្នង ក្នុងស្រុកសណ្តាន់ខេត្តកំពង់ធំ ដែលបណ្ដាលមកពីភ្លៀង និងខ្យល់កន្ត្រាក់។
លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានរាយការណ៍ពីមូលហេតុកើតឡើងដោយមានភ្លៀង និងខ្យល់កន្ត្រាក់កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ បានវាយប្រហារទៅលើតំបន់ឃុំងន និងឃុំឈើទាល ស្រុកសណ្តាន់ ប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នង និងខូចខាតអស់ទាំងស្រុងចំនួន១ខ្នងមាន÷ ឈ្មោះ ហួត ម៉េងលាង ប្រពន្ធឈ្មោះ ធឿន សៀវម៉ី មានសមាជិក៤នាក់ និងរបើកដំបូលផ្ទះ៥ខ្នងមានឈ្មោះ÷ ១.លោក ខេន ពីន ប្រពន្ធឈ្មោះ ឃឿន សីលា មានសមាជិក ៤នាក់។ ២.លោក ទន ទៀង មានសមាជិក២នាក់។ ៣. លោក ជឹម ថា មានសមាជិក៤នាក់។ ៤. សេង សុផាត មានសមាជិក២នាក់។ ៥.មេគ្រួសារឈ្មោះ រុន ភាព សមាជិកសរុប៣នាក់ ហើយពុំមានប៉ះពាល់អាយុជីវិតមនុស្ស សត្វនោះឡើយ។




ឆ្លៀតក្នុងឱកាសនេះលោកជំទាវ លំ គន្ធារី បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយភ្លៀង និងខ្យល់កន្ត្រាក់កន្លងទៅថ្មីៗនេះ។ ការបាត់បង់នៅទ្រព្យសម្បត្តិមួយចំនួន ដោយសារភ្លៀងនឹងខ្យល់កន្ត្រាក់បានធ្វើឱ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋរបើកដំបូល និងរលំអស់ទាំងស្រុង។ ដូចនេះហើយក្នុងនាមក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចូលរួមសោកស្ដាយ និងនាំយកអំណោយផ្ដល់ជូន ដើម្បីលើកទឹកចិត្តដល់គ្រួសារដែលរងគ្រោះដោយទឹកភ្លៀង និងខ្យល់កន្ត្រាក់ ឱ្យមានស្មារតីរឹងមាំ និងប្រកបមុខរបរបន្តទៀត ដើម្បីចិញ្ចឹមគ្រួសារឱ្យមានលក្ខណៈល្អប្រសើរ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយដល់មូលដ្ឋាន។




លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពេលមានភ្លៀង និងខ្យល់កន្ត្រាក់ សូមមានការប្រុងប្រយ័ត្ន និងរកទីកន្លែងណាមានសុវត្ថិភាព ដើម្បីកុំឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វ ព្រោះកត្តាធម្មជាតិបង្កឡើងទីតាំងណាកន្លែងណានោះទេ។ ពេលមេឃកំពុងភ្លៀងកុំឱ្យកូនក្មេងរត់លេង ចុះលេងទឹកស្រះ និងទឹកប្រឡាយ ចៀសវាងប៉ះពាល់ដល់អាជីវិត។
សូមបញ្ជាក់ផងដែរថា គ្រួសារដែលរងគ្រោះដោយភ្លៀង នឹងខ្យល់កន្ត្រាក់៦គ្រួសារ ក្នុងគ្រួសារទទួលបានរួមមាន÷ អង្ករ០១បេ មី០១កេស ត្រីខ០១យួរ ទឹកស៊ីអ៊ីវ០១យួរ ទឹកត្រី០១យួរ តង់០១ កន្ទេល ឆ្នាំងដាំបាយ និងថវិកាមួយចំនួនទៀតផងដែរ។ អត្ថបទលោក ធូ កែវមុន្នី












