(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១១ ខែសីហា  ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅបន្តចុះផ្សព្វផ្សាយស្ដីអំពី(រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធននិងអាកាសធាតុ) ក្រោមការសម្របសម្រួលរបស់លោកស្រី ឡេង សុឃីម  នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ លោកស្រី ទត គឹមសុភារិន្ទ អភិបាលរងស្រុកស្ទោង និងមន្ត្រីអនុសាខា ជូនដល់សិស្សានុសិស្សសរុប៨០នាក់ ស្រី៥៤នាក់ នៅក្នុងវិទ្យាល័យរស្មីសោ័ភណ ឃុំកំពង់ចិនជើង  ស្រុកស្ទោង ខេត្តកំពង់ធំ។

លោកស្រី ទត គឹមសុភារិន្ទ អភិបាលរងស្រុកស្ទោង បានបង្ហាញពីរគោលបំណងក្នុងការផ្សព្វផ្សាយនេះគឺ ដើម្បីឱ្យប្រជាពលរដ្ឋ និងសិក្សានុសិស្សដែលក្នុងសហគមន៍ទាំងអស់យល់ដឹងអំពីជំងឺឆ្លង និងជំងឺមិនឆ្លងដែលប្រទេសកម្ពុជាយើងបច្ចុប្បន្នកំពុងមានការព្រួយបារម្ភជាខ្លាំង និងតម្រូវឱ្យប្អូនៗទាំងអស់ចូលរួមទប់ស្កាត់ និងការពារផ្ដោតទៅលើជំងឺឆ្លងដូចជាជំងឺcovid ១៩ ជំងឺអេដស៍ ជំងឺរបេង ដែលកំពុងបន្តកើតជារៀងរាល់ថ្ងៃ។

ឆ្លៀតក្នុងឱកាសនេះផងដែរលោកស្រីនាយិការងបានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុកពីចម្ងាយអំពីសំណាក់ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានវត្តមានទីនេះទាំងអស់។

លោកស្រី ឡេង សុឃីម បានលើកឡើងថាដើម្បីអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ(រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់និងអាកាសធាតុ) និងគម្របខួប៧០ ឆ្នាំ របស់កាកបាទក្រហម ។
ដើម្បីឱ្យសហគមន៍មានសុខភាពល្អយើងត្រូវដឹងអំពីជំងឺដែលមិនឆ្លង៤ប្រភេទធំៗ ដែលកំពុងតែកើតមានឡើងជារៀងរាល់ថ្ងៃមានដូចជា÷ ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ  ដែលវាកើតឡើងតាមរបបអាហារប្រចាំថ្ងៃ ផ្អែម  ប្រៃ និងខ្លាញ់ជាដើម ស្របតាមទិសស្លោក”ស្រឡាញ់ខ្លួនឱ្យស្ងួនចំណី”។

លោកស្រី ឡេង សុឃីម  នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់បន្ថែមទៀតថាដើម្បីឱ្យសហគមន៍មានភាពធន់និងអាកាសធាតុ
សូមចូលរួមរៀនបន្សាំខ្លួន និងចូលរួមកាត់បន្ថយ ដូចជា÷ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ ចូលរួមដាំកូនឈើនៅតាមទីសាធារណៈ។ មិនដុត ឬកប់សំបកដបជ័រក្នុងដី វិធានការការពារជំងឺគ្រុនឈាម  ដាក់ថ្នាំអាប៊ែតតាមខ្នងផ្ទះ ការចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ការជួយសង្គ្រោះបឋម  វិធីជួយជនរងគ្រោះស្លាក់  និងការហូរឈាម វិធីការពាររន្ទះ ព្រមទាំងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ន។ អត្ថបទសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ