ខេត្តព្រះវិហារ÷ ព្រះមន្ត្រីសង្ឃខេត្តសៀមរាប និងឯកឧត្តម ប៊ុន ថាឬទ្ធិ សមាជិកគណកម្មការទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តនិងអញ្ជើញនាំយកអំណោយជាគ្រឿងឧបភោគបរិភោគរបស់សមាគមសង្រ្គោះជីវិតនៃប្រទេសសិង្ហបូរីដែលផ្តល់តាមរយៈព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និង ពុទ្ធិក
សមាគមកម្ពុជរដ្ឋ ដើម្បីមកចែកជូនដល់គ្រួសារកងទ័ពនិងជនភៀសសឹកចំនួន៥០០គ្រួសារ នៅក្នុងស្រុកគូលែនខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២៥ នេះ ។





មានប្រសាសន៍សំណេះសំណាលនោះដែរ ឯកឧត្តម ប៊ុន ថាឬទ្ធិ បានថ្លែងថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាសេចក្តីកង្វល់ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង បងប្អូនសប្បុរសជនជាតិ អន្តរជាតិ ដោយមិនអាចអោបដៃបើកភ្នែងឈរមើលពីទុក្ខលំបាករបស់បងប្អូនឡើយ ។ ម៉្យាងទៀតនៅពេលប្រជាពលរដ្ឋមានសេចក្ដីសុខ រដ្ឋាភិបាលក៏សប្បាយចិត្តជាមួយបងប្អូន ហើយប្រជាពលរដ្ឋមានទុក្ខលំបាក រាជរដ្ឋាភិបាលនឹងមិនទៅណាចោលបងប្អូននោះទេនិងបានយកចិត្តទុកដាក់រស់នៅជាមួយបងប្អូនជានិច្ច ។ ឯកឧត្តម បានមានប្រសាសន៍គូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសរងគ្រោះដោយសារការឈ្លានរបស់កងទ័ពថៃដែលជារឿងអកុសកលហើយសកម្មភាពឈ្លានពានរបស់ថៃលើដែនអធិបតេយ្យភាពរបស់កម្ពុជា គឺជាការរំលោភបំពានច្បាប់អន្តរជាតិធ្ងន់ធ្ងរ ។





ឯកឧត្តម ប៊ុន ថាឬទ្ធិ បានក៏បានធ្វើការថ្លែងអំណរគុណដល់សមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបូរី ដែលមានចិត្តសប្បុរសធម៌ ចំពោះប្រជាជនកម្ពុជា ក្នុងការចូលរួមដោះស្រាយទុក្ខលំបាក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ ម៉្យាងទៀត កាយវិការសប្បុរសធម៌នេះ នឹងធ្វើឲ្យក្លាយជាកាលានុវត្តភាព ក្នុងការរឹតចំណងសាមគ្គីភាព និងការពង្រឹងកិច្ចទំនាក់ទំនង សហប្រតិបត្តិការល្អ រវាងប្រទេសជាតិ និងប្រជាជនទាំងពីរ កាន់តែមានភាពរឹងមាំទ្វេរឡើង។











លោក Goh Tung Heng ប្រធានសមាគមសង្រ្គោះជីវិត នៃ ប្រទេសសិង្ហបូរី បានមានប្រសាសន៍លើកឡើងអំពីគោលបំណងរបស់ក្រុមសមាគមសង្រ្គោះជីវិត គឺជាសមាគមមួយដែលមិនបម្រើនឲ្យយោបាយណាមួយឡើយ គឺបម្រើតែចលនាមនុស្សធម៌នៅលើកពិភពលោកនេះ។ លោកបន្តថា នេះជាអំណោយដ៏តិចតូចក្នុងការចូលរួមដោះស្រាយ និងជួយសម្រាលនូវការខ្វះខាតរបស់បងប្អូនចំពោះមុខបានមួយរយៈហើយសមាគមរបស់លោកនឹងបន្តជួយដល់ប្រជាពល រដ្ឋកម្ពុជា ជួបការខ្វះខាតនៅតំបន់មូលដ្ឋានផ្សេងៗទៀតផងដែរ ៕
