ខេត្តសៀមរាប÷ ផ្លូវជាសរសៃឈាមសេដ្ឋកិច្ចជាតិ (មានផ្លូវ មានក្តីសង្ឃឹម)គម្រោងផ្លូវក្រាលដីល្បាយគ្រួសមួយខែ្សប្រវែង ១ពាន់៧០០ម៉ែត្រ មានទទឹង ៨ម៉ែត្រ កម្រាស០,២ម៉ែត្រ និង សាងសង់ដាក់លូមូលមុខពីរចំនួន២កន្លែង និងលូមុខមួយ ចំនួន២កន្លែង ដែលតភ្ជាប់ពីភូមិកន្សែងលើ ទៅភូមិគោកចិន ក្នុងឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប (គម្រោងលេខDRR.NC-202-No.067 ) ដែលអនុវត្តដោយនាយកដ្ឋានស្ថាបនា និង វិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និង ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ត្រូវបានបញ្ចប់ការស្ថាបនា និងត្រូវបាន គណៈប្រតិភូអន្តរក្រសួងរួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំដោយ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ និង ជាសមាជិកគណៈកម្មការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរស្រុក ឃុំ មេភូមិចូលរួមផងដែរ ។


តាមការបញ្ជាក់របស់លោក គឹម វណ្ណះ អភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម បានឲ្យដឹងថា ផ្លូវមួយខ្សែនេះ បានសម្រួលដល់អត្ថប្រយោជន៍សេដ្ឋកិច្ចដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការប្រាស័្រយទាក់ទងគ្នាពីភូមិមួយទៅភូមិមួយនៅក្នុងមូលដ្ឋានឃុំ ស្រុក ដោយបងប្អូននៅក្នុងភូមិសាស្ត្រឃុំចាន់សនេះ ទាំងប្រាំង និង វស្សា ក្រៅពីការធ្វើស្រូវ ចំការ បានធ្វើការដាំបន្លែបង្កាគ្រប់មុខរួមផ្សំដើមី្បផ្គត់ផ្គង់ដល់ទីផ្សារទៀតផង ។ ម៉្យាងទៀតផ្លូវមួយខ្សែនេះជួយសម្រួលដល់ចរាចរណ៍របស់សិស្សានុសិស្ស ,ដឹកជញ្ជូនអ្នកជម្ងឺទៅមន្ទីរពេទ្យ ,ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារជាដើម ។
ក្នុងការចុះត្រួតពិនិត្យនោះដែរឯកឧត្តម ជី ស៊ីថា ក៏បានធ្វើការណែនាំមួយចំនួន ដល់នាយកដ្ឋានស្ថាបនា និង វិស្វកម្ម ក្នុងការស្ថាបនាផ្លូវ ត្រូវធ្វើការកែសម្រួលទៅតាមបច្ចេកទេសសាងសង់ផ្លូវ ដើមី្បធានាឲ្យបាននូវការបាក់ឬរលុះជើងទេ ដែលនាំធ្វើឲ្យផ្លូវងាយខូចខាត នៅពេលរដូវភ្លៀងធ្លាក់ គឺត្រូវធ្វើការដាំស្មៅនៅតាមជើងទេ ក្នុងការទប់ទឹកហូរច្រោះដី ។ ឯកឧត្តមបានផ្តល់នូវបច្ចេកទេសល្អៗមួយចំនួន ដល់ក្រុមវិស្វកម្ម ក្នុងការស្ថាបនាផ្លូវ សំណង់សិល្បៈការ្យ ដើមី្បធានានូវគុណភាព និងការប្រើប្រាស់ឲ្យបានយូរអង្វែង ព្រមទាំងបានគូសបញ្ជាក់ថា ស្ថិតនៅក្រោមម្លប់សុខសន្តិភាព ប្រទេសជាតិ យើងក៏មានការអភិវឌ្ឍន៍លើគ្រប់វិស័យតាំងពីទីប្រជុំជនមកដល់ជនបទ ។ កត្តាសំខាន់នោះគឺហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលជាសរសៃឈាមសេដ្ឋកិច្ចជាតិ ពិសេសសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋយើង (មានផ្លូវគឺមានក្តីសង្ឃឹម) ។

ដូច្នេះ យើងគ្រប់រូប ត្រូវអរគុណសន្តិភាព អរគុណនយោបាយឈ្នះ-ឈ្នះ, ដឹងគុណជានិច្ចមគ្គទេសក៍ឯក សម្តេចតេជោ ហ៊ុន សែន និងប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ព្រមទាំងបង្កើតបានសន្តិភាព និងការបង្រួបបង្រួមទឹកដីពេញលេញនៅកម្ពុជា នាំមកនូវការអភិវឌ្ឍន៍ ។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរាជរដ្ឋាភិបាល បាននឹងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារស្ថាបនាផ្លូវ ដោយបានគិតគូរពីភាពធន់ នឹងការប្រែប្រួលអាកាសធាតុ ដើម្បីការប្រើប្រាស់បានយូរអង្វែង ព្រោះផ្លូវពិតជាមានសារសំខាន់បំផុត ក្នុងការជម្រុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅតំបន់ជនបទ និងកាត់បន្ថយគម្លាតរវាងតំបន់ជនបទ និង ទីប្រជុំជន និង ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមក ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ក្នុងនោះដែរឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ចូលរួមសហការជាមួយក្រុមកងវិស្វកម្ម ក្នុងការសម្រួល ការបើកប្រឡាយអមដងផ្លូវ ក្នុងការសម្រួលចរន្តទឹកហូរ កុំឲ្យហូរលិចកាត់ផ្លូវ ធ្វើឲ្យខូចខាត និង ប៉ះពាល់ដល់ថវិកាជាតិ ៕