(កំពង់ធំ)៖ លោក សាយ គឹមឡមអភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញសំណេះសំណាលសួរសុខទុក្ខយុទ្ធជនដែលជាពលទាហាននៅសមរភូមិមុខ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ក្រោយប្រយុទ្ធយ៉ាងស្វិតស្វាញ ដើម្បីការពារជាតិ ដែនអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងទប់ទល់មហិច្ឆតាឈ្លានពានរបស់ទាហានថៃចំពោះកម្ពុជា។




ក្នុងឱកាសនោះដែរលោកអភិបាលស្រុក បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម នួន ផារ័ត្នអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ដែលឯកឧត្តមតែងតែយកចិត្តទុក្ខដាក់ជាមួយប្រជាពលរដ្ឋ ពលករ ភៀសសឹក ជាពិសេសយុទ្ធជនដែលលះបង់កម្លាំងកាយចិត្ត ប្តូរជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។
បន្ថែមពីការសំណេះសំណាលសួរសុខទុក្ខ លោក សាយ គឹមឡម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពលបាលទោ ឈិន ពិសិដ្ឋ ជាពលទាហាននៃកងពលធំអន្តរាគមន៍លេខ៣ ឈរជើងនៅទិសចុងបូក មុំបី និងពលបាលត្រី វ៉ាត បូរ៉ាត់ ជាពលទាហាននៃកងពលធំអន្តរាគមន៍លេខ២ ឈរជើងការពារប្រាសាទតាក្របី ដែលបានលះបង់ញើសឈាម ប្តូរផ្តាច់ការពារទឹកដីឱ្យខានតែបាន។ ហើយក្នុងនាមលោក និងសហការី ក៏ដូចជាប្រជាជនខ្មែរទាំងអស់ជាយុទ្ធជននៅសមរភូមិក្រោយមាននាទីគាំទ្រ និងជ្រោមជ្រែងដល់សមរភូមិមុខទៅតាមអ្វីដែលអាចធ្វើបាន ដើម្បីលើកទឹកចិត្តដល់កងទ័ពខ្មែរបណ្ដេញខ្មាំងឈ្លានពាន។




ជាមួយគ្នានេះដែរលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ឱ្យជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយវិវាទព្រំដែន ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាសម្រាប់ទំនុកបម្រុងដល់កងទ័ពកម្ពុជា។
សូមបញ្ជាក់ផងដែរថា លោក សាយ គឹមឡម បានឧបត្ថម្ភដល់យុទ្ធជន ឈិន ពិសិដ្ឋ និង វ៉ាត បូរ៉ាត់ រួមមាន÷ អង្ករ៥០គីឡុក្រាម ទឹកសុទ្ធ ភេសជ្ជៈ និងថវិកាចំនួន៤៥ម៉ឺនរៀលផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង




