ខេត្តកំពង់ធំ ៖ សង្វៀនបញ្ជល់មាន់និងអាប៉ោងដុះស្លែ កំពុងបើកយ៉ាងរលូន នៅចំណុចចំការចន្ទីរ ចំនួន២ទីតាំងក្បែរគ្នាក្នុងមូលដ្ឋានឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ជាប់ហ្នឹងព្រំប្រទល់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និង នៅក្រោយភូមិអូរស្ងួត ចុះពីផ្លូវជាតិត្រង់ចំណុចបង្គោលភ្លើងលេខ១៤៦ តាមផ្លូវចម្ការកៅស៊ូ បត់ ស្ដាំប្រហែល១០០ម៉ែត្រ ក្នុងចម្ការស្វាយចន្ទី ស្ថិតនៅឃុំបឹង ល្វាស្រុកសន្ទុក ខេត្តកំពង់ធំ។ ហើយការលែងនេះដែរក្រុមញៀនល្បែងទាំងនោះ តែងតែចល័តលេង ឱ្យស្របទៅនឹង ស្ថានការ និងមានអ្នកមើលផ្លូវ ងាយស្រួលគេចពីសមត្ថកិច្ច។

ប្រភពពីពលរដ្ឋ អោយដឹងថា គេឃើញក្រុមអ្នកញៀនល្បែង មកពីភូមិ-ឃុំ ដែលនៅក្បែរ និងមកពីតាមបណ្ដាស្រុកផ្សេងៗបានធ្វើដំណើរប្រសេកប្រសាច តាមដងផ្លូវ ខ្លះជិៈម៉ូតូឌុបគ្នា ស្ពាយកន្ត្រកមាន់ជល់ ខ្លះទៀតជិៈរថយន្តសេរីទំនើបៗ ដឹកមនុស្ស រួមនិងកន្ត្រកមាន់ជល់មកជាមួយ ដើម្បីមកប្រមូលផ្ដុំគ្នា យ៉ាងច្រើនណែនណាន់តាន់តាប់ នៅទីតាំង”សង្វៀនបញ្ជល់មាន់និងអាប៉ោង”ក្នុងចម្ការស្វាយចន្ទី ត្រង់ចំណុចខាងលើ យ៉ាងគគ្រឹកគគ្រេងបំផុត និងបើកដំណើរយូរឆ្នាំមកហើយ ជារៀងរាលថ្ងៃ និងលែងជាលក្ខណៈទ្រង់ទ្រាយ ផ្នាល់ចាក់លុយស៊ីសង ខ្ទង់៣០សិប ទៅ៤០លានរៀលឯណោះ។

ចំពោះករណីខាងលើនេះ មិនអាចសុំការបំភ្លឺ ពីលោក ម៉ៅ ចាន់ធី អធិការស្រុកសន្ទុកបានទេ ខលតាមលេខទូរស័ព្ទក៏មិនចូល និងពេលខ្លះខលចូលមិនមានការឆ្លើយតបផងដែរ ។ ចំពោះលោកម៉ៅ ចាន់ធី អធិការស្រុកសន្ទុករូបនេះ ហាក់ស្ពឺកស្រពន ដេកផ្សំដួលរមួលផ្សំគ្រិច ជាងគេ ក្នុងចំណោម អធិការផ្សេងទៀតក្នុងខេត្តកំពង់ធំ ។

ប្រជាពលរដ្ឋសូមសំណូមពរ អាជ្ញាធរពាក់ព័ន្ធមេត្តា ចុះបង្ក្រាបទីតាំងល្បែងដុះស្លែ ខាងលើ អោយមានប្រសិទ្ធភាពផង ព្រោះថាអាជ្ញាធរមូលដ្ឋាន ហាក់មិនមានចំណាត់ការអ្វីសោះក្នុងករណីនេះ ទំនងត្រូវថ្នាំ ក្រុមញៀនល្បែងទោះទៅហើយ ទើបមានការប្រព្រឹត្តបានយ៉ាងរលូនដូចនេះ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ដកំពង់ធំ បានអះអាងថា លោកបានបញ្ជាឱ្យកម្លាំងជំនាញនគរបាលខេត្ត និងកម្លាំងអធិការស្រុកសន្ទុក ចុះបង្ក្រាបភ្លាមៗ ប៉ុន្តែមុនពេលសមត្ថកិច្ចទៅដល់ ក្រុមអ្នកលេងល្បែងបានរត់គេចខ្លួនអស់។ បើទោះបីជាទីតាំងនោះ ឆ្ងាយ.ជិត.ឬពិបាកក្នុងការធ្វើដំណើរក៏ដោយ សំខាន់ឱ្យតែមានបទល្មើស គឺត្រូវតែបង្ក្រាប និងទប់ស្កាត់ជាបន្ទាន់ ក្នុងនាមជាសមត្ថកិច្ចមូលដ្ឋាននិងការទទួលខុសត្រូវ។ ទោះជាយ៉ាងនេះក្ដី លោកស្នងការ បានបញ្ជាឱ្យ កម្លាំងនគរបាលខេត្តចំនួន៥នាក់ និងកម្លាំងនគរបាលស្រុកសន្ទុក ចំនួន៥នាក់ទៀត ដើម្បីឈរជើងប្រចាំការ ដោយផ្ទាល់នៅឃុំបឹងល្វា ក្នុងការទប់ស្កាត់និងបង្ក្រាបល្បែង ឱ្យខានតែបាន៕