ខេត្តសៀមរាប÷ ចោរអស់ល័ក្ខប្រហែលជាគ្មានបទពិសោធន៍គ្មានជំនាញខាងឆក់ប្លន់បានចូលវាយទូលក់គ្រឿងអលង្ការក្នុងផ្សារលើធំថ្មីខេត្តសៀមរាបកាលពីវេលាម៉ោង១៤ និង៥២នាទីថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២៦តែមិនបានសម្រេចត្រូវបានអាជីវករនិងសមត្ថកិច្ចចាប់ក្របួចបាន។



តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាចោរចិត្តសឿងម្នាក់នេះបានចូលវាយទូរលក់គ្រឿងអលង្ការដែលមានយីហោឈ្នោះ វេត ចាន់តាក់ តូបលេខ ៥៩ នៅក្នុងផ្សារលើធំថ្មី ស្ថិតក្នុងភូមិ ដកពោធិ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត សហការជា មួយបងប្អូនអាជីវករក្នុងផ្សារ ចាប់ឃាត់ខ្លួនបានទាន់ពេលវេលាភ្លាមៗ បណ្តាលឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ។

តាមការបញ្ជាក់របស់សមត្ថកិច្ចរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថក្រុងសៀមរាប និង កម្លាំងការិយាល័យជំនាញ ចេញអន្តរាគមន៍ ឃាត់ខ្លួនជនសង័្សយបាន១នាក់ និងដកហូតវត្ថុតាង មានម៉ូតូស្គប់ពី ១គ្រឿង,ទូរស័ព្ទដៃ ១គ្រឿង , ញញួរ ១ដើម , កាំបិតតាំងតោ ១ដើម , លោកហធាតុពណ៌លឿង ៣ខ្សែ និងបានបញ្ជូនជនដៃដល់ទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដើមី្បអនុវត្ថនីតិវិធីបន្ត ព្រមទាំងបានប្រគល់ ខែ្សដៃផ្លាក់ទីន ទាំង ០៣ខែ្ស ដល់ជនរងគ្រោះវិញ ។




ជនសង័្សយដែលឃាត់ខ្លួនមានឈ្មោះ ឡេ សុភ័ក្រ ភេទប្រុស អាយុ ៤០ឆ្នាំ ត្រូវបានកម្លាំងជំនាញធ្វើតេស្ត៍ ទឹកនោម រកឃើញមានសាធារធាតុញៀនក្នុងខ្លួន ។ បច្ចុប្បន្នត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូង ចាត់ការទៅតាមនីតិវិធីនៃច្បាប់ ៕



