នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្មបានបើក“ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៩” ឆ្នាំ២០២៦ នៅសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អគ្គនាយក ដ្ឋាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងអង្គទូតនានា ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក សិស្ស និស្សិត និងបងប្អូនជា អាជីវករ ប្រតិបត្តិករមកពីបណ្តាខេត្តនានាចូលរួមផងដែរ ។


ក្នុងកិច្ចស្វាគមន៍របស់លោក នាក់ ណេរ៉ុន បានលើកឡើងថា បច្ចុប្បន្នខេត្តសៀមរាប មានសក្តានុពលសំខាន់ក្រៅពីទេសចរណ៍គឺវិស័យកសិកម្ម សេវាកម្ម និង ការកែច្នៃផលិតផលជាដើម។ ក្រៅពីផលិតផលកសិឧស្សាហកម្ម ខេត្តសៀមរាបក៏មានដំណាំរួមផ្សំដូចជា បន្លែនិងផ្លែឈើ ហើយបច្ចុប្បន្ន កសិករយើងអាចផលិតបានមួយចំនួនធំដែលប្រកប ដោយគុណភាព សោភ័ណ្ឌភាព សុវត្ថិភាព និងបានធ្វើការផ្គត់ផ្គង់មកកាន់ទីផ្សារ ប៉ុន្តែបរិមាណតម្រូវការចំពោះបន្លែនិងផ្លែឈើសុវត្ថិភាពនៅមានទំហំធំ និងប្រកបដោយការប្រកួតប្រជែង ។ ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីកំណែទម្រង់នានា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពនៅកម្ពុជា ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ មាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពិសេសបច្ចេកវិទ្យាឌីជីថល ស្របតាមបដិវត្តឧស្សាហកម្មទី៤ និងបដិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចសង្គមកម្ពុជា ព្រមទាំងតម្រូវការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ផលិតករ ក្នុងស្រុកត្រូវខិតខំពង្រឹងគុណភាព សុវត្ថិភាព ការវេចខ្ចប់ ប្រកបដោយអនាម័យ ការដាក់ស្លាកច្នៃផលិតឱ្យត្រូវតាមបទដ្ឋានបច្ចេកទេស និងតាមតម្រូវការអ្នកប្រើប្រាស់ ជាមួយនឹងតម្លៃ ដែលអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល។


ឯកឧត្តម សំហេង បូរ៉ា បានមានប្រសាសប៍ថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នានេះ គឺមានសារៈសំខាន់ និងបាន ជះផលវិជ្ជមានផងដែរ ដោយបានបង្កើនសកម្ម ភាពពាណិជ្ជកម្ម និងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងចូលរួមជំរុញសេដ្ឋកិច្ចមូលដ្ឋាន ពោលគឺក្នុងមូលដ្ឋានខេត្តសៀមរាប ដែលនឹងចូលរួមរុញច្រានកំណើនសេដ្ឋកិច្ចជាតិជារួម។ ពិព័រណ៍នេះក៏បានផ្តល់ជាវេទិកាសម្រាប់ អាជីវករ ពាណិជ្ជករ ប្រតិបត្តិករ សេវាករ អ្នកនាំចេញនាំចូល អ្នកដាំដុះបន្លែផ្លែឈើ ម្ចាស់កសិដ្ឋាន ក្នុងមូលដ្ឋានខេត្តសៀមរាប និងមកពីខេត្តនៅជុំវិញសៀមរាប បណ្តាខេត្តនានា និងរាជធានី ភ្នំពេញ អាចដាក់តាំងបង្ហាញ ផ្សព្វផ្សាយ និងលក់នូវផលិតផលខ្មែរ ផលិតដោយកូនខ្មែរ ដែល មានគុណភាពរបស់ខ្លួន និងបន្លែផ្លែឈើសុខភាពនិងធម្មជាតិ ទៅកាន់សាធារណជនទូទៅ រួម ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ ។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៩” ឆ្នាំ២០២៦ ដែលក្រសួងពាណិជ្ជកម្ម បានបន្តខិតខំប្រឹងប្រែងអនុវត្តនូវ តួនាទីភារកិច្ច និងបេសសកម្មរបស់ខ្លួនឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ដោយមានស្តង់ចំនួន ១០១ស្តង់ ដែលមានបងប្អូនអាជីករ សិប្បករ សហគ្រាសមកពីបណ្តារាជធានីភ្នំពេញ ខេត្ត ក្រុងមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់តាំងបង្ហាញផលិត ផលកសិកម្ម និងបន្លែផ្លែឈើមានសុវត្ថិភាពមានដូចជា អង្ករ ម្រេច ស្វាយចន្ទី ក្រូចថ្លុង ត្រសក់ផ្អែម ដូង ដំណាប់ផ្លែឈើ ស្រាផ្លែឈើ ទឹកឃ្មុំ សូត្រ ចម្លាក់ប្រាក់ស្ពាន់ ផលិតផលសិប្បកម្ម ត្បូងថ្មមានតម្លៃ វត្ថុអនុស្សាវរីយ៍ និងអាហារ-ភេសជ្ជៈជាដើម ។
ក្រសួងពាណិជ្ជកម្ម បានបន្តខិតខំប្រឹងប្រែងអនុវត្តនូវ តួនាទីភារកិច្ច និង អនុវត្តយ៉ាងយកចិត្តទុកដាក់នូវ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល៕