បាត់ដំបង៖ ជំនួញល្បែងស៊ីសងខុសច្បាប់ ឆ្នោតកន្ទុយលេខទាំងវៀតណាម និងថៃ កំពុងវាយលុកយ៉ាងសន្ធឹកសន្ធាប់ក្នុងខេត្តបាត់ដំបង ដោយមេឆ្នោតកំពុងប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាវក្នុងការពង្រាយ “កូនកញ្ច្រែង” កត់ឆ្នោតដូចសម្បុកកណ្ដៀរ។ សកម្មភាពនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពពលរដ្ឋ កើបលុយរាប់សិបលានរៀលក្នុងមួយថ្ងៃៗ និងបំផ្លាញគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» យ៉ាងធ្ងន់ធ្ងរ។


ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ពីទីតាំងលួចលាក់កត់ឆ្នោតជាច្រើនកន្លែង ដែលកំពុងដំណើរការដោយរលូន រួមមាន៖
ទីតាំងទី១ ភូមិកាប់គោថ្មី សង្កាត់អូរចារ (ជិតស្នាក់ការភូមិ)។
ទីតាំងទី២ ផ្ទះមេធំ ក្រោមដើមក្រខប់ ភូមិចំការសំរោង សង្កាត់ចំការសំរោង។
ទីតាំងទី៣ ផ្ទះវីងវេញលុយ «ចាន់រី» ទល់មុខផ្សារពោធិ៍វង្ស ភូមិចំការសំរោង២។
ទីតាំងទី៤ ផ្ទះឈ្មោះ វី ក្រោមដើមឆ័ត្រ ភូមិចំការសំរោង១។
ទីតាំងទី៥ ផ្ទះថ្មទល់របងវិមានសព ខាងត្បូងរូបសំណាក់លោកតាដំបងគ្រញូង។
ទីតាំងទី៦ តូបលក់មាស និងសម្លៀកបំពាក់ ក្នុងផ្សារធំថ្មី សង្កាត់ព្រែកព្រះស្តេច។


ទីតាំងទី៧ ផ្ទះផ្ញើម៉ូតូ ជិតផ្សារលក់បន្លែ ក្នុងផ្សារភូពុយ សង្កាត់អូរចារ។ ភាពអនាធិបតេយ្យនៃល្បែងស៊ីសងនេះ កើតឡើងយ៉ាងចំហរ ហាក់ដូចជាសមត្ថកិច្ចមូលដ្ឋាន ជាពិសេស លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែ អធិការក្រុងបាត់ដំបង លោកឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ ស្នងការខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្ត មិនមានវិធានការទប់ស្កាត់ ឬហាក់ដូចជាមើលរំលង។
ប្រជាពលរដ្ឋ និងមហាជន ស្នើសុំ និងសំណូមពរយ៉ាងទទូចដល់លោកអធិការក្រុង លោកស្នងការខេត្ត និងឯកឧត្តមអភិបាលខេត្តបាត់ដំបង មេត្តាដាក់កម្លាំងចុះស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបទីតាំងឆ្នោតកន្ទុយលេខខុសច្បាប់ទាំងនោះ ដើម្បីស្តារឡើងវិញនូវសន្តិសុខ និងសុវត្ថិភាពសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។