គម្រោងប្រព័ន្ធធារាសាស្ត្រថ្មីប្រវែងប្រមាណ២០គីឡូម៉ែត្រ នឹងត្រូវសាងសង់នៅស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីពង្រីកការស្រោចស្រព និងលើកកម្ពស់ផលិតភាពកសិកម្ម

(កំពង់ធំ)៖ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ និងឯកឧត្តម ចាន់ ស៊ីណាត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ បានចាត់តំណាង និងមន្ត្រីជំនាញបច្ចេកទេស សហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះសិក្សាជាក់ស្តែង ដើម្បីរៀបចំគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រថ្មីបន្ថែមទៀត សម្រាប់បម្រើដល់ការស្រោចស្រព និងការរំដោះទឹកនៅក្នុងមូលដ្ឋាន។


ប្រព័ន្ធធារាសាស្ត្រថ្មីនេះ គ្រោងនឹងសាងសង់ជាប្រឡាយមេមួយ ដែលចេញពីប្រឡាយមេទី២ នៃអាងទឹក៣០កញ្ញា ឆ្លងកាត់ឃុំព្រះដំរី ឃុំរុងរឿង ឃុំចំណាលើ និងឃុំចំណាក្រោម មានប្រវែងប្រមាណ ២០គីឡូម៉ែត្រ ព្រមទាំងប្រឡាយជើងក្អែប និងសំណង់សិល្បការយ៍ពាក់ព័ន្ធជាច្រើនទៀត។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានឱ្យដឹងថា ប្រឡាយមេប្រវែងប្រមាណ២០គីឡូម៉ែត្រ រួមជាមួយប្រឡាយជើងក្អែបជាច្រើនគីឡូម៉ែត្រទៀត នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយសម្រាប់ជំរុញផលិតភាពកសិកម្ម និងចលនាដាំដុះរបស់ប្រជាកសិករ។ ប្រព័ន្ធនេះក៏នឹងរួមចំណែកបង្កើនទិន្នផលស្រូវ និងកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តម ថោ ជេដ្ឋ បានឱ្យដឹងថា សំណង់ប្រព័ន្ធធារាសាស្ត្រថ្មីនេះ នឹងត្រូវរៀបចំឱ្យចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីការចុះសិក្សា និងវាយតម្លៃលម្អិតតាមទីតាំងជាក់ស្តែងត្រូវបានបញ្ចប់។ ជាពិសេស ប្រឡាយជើងក្អែបជាច្រើនគីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំចំណាលើ នឹងជួយពង្រីកលទ្ធភាពនៃការបញ្ជូនទឹកទៅកាន់តំបន់ដែលកន្លងមកប្រព័ន្ធធារាសាស្ត្រមិនទាន់អាចទៅដល់ស្រែស្រូវរបស់ប្រជាពលរដ្ឋបាន។

ជាមួយគ្នានេះ ប្រជាពលរដ្ឋនៅក្នុងឃុំចំណាលើ បានសម្តែងការសាទរយ៉ាងខ្លាំងចំពោះគម្រោងប្រព័ន្ធធារាសាស្ត្រថ្មីនេះ ដោយរំពឹងថា គម្រោងនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ តាមរយៈការពង្រីកប្រព័ន្ធផ្លូវគមនាគមន៍ ការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពកាន់តែមានប្រសិទ្ធភាព និងជាពិសេសការរួមចំណែកក្នុងការរំដោះទឹកជំនន់ ដើម្បីកាត់បន្ថយការជន់លិចភូមិឋាន និងលំនៅឋានរបស់ប្រជាពលរដ្ឋនៅតំបន់នេះ។

គម្រោងនេះ ត្រូវបានរំពឹងថា នឹងក្លាយជាកម្លាំងជំរុញដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម ការគ្រប់គ្រងធនធានទឹក និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង