ស្រុកស្ទោង៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី ព្រមទាំងមន្ត្រីជំនាញ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានចុះជួបសំណេះសំណាលជាមួយកសិករ និងពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជន នៅសហគមន៍កសិកម្មសំព្រោជមានជ័យ ស្ថិតក្នុងឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោកអភិបាលស្រុក បានលើកឡើងថា គម្រោងលើកកម្ពស់ជីវភាពប្រជាជន កំពុងផ្តល់ទុនសរុបចំនួន ៩០លានរៀល ដល់សហគមន៍កសិកម្មចំនួន ៥ សម្រាប់បន្តដល់សមាជិកសហគមន៍ ដើម្បីជាដើមទុនក្នុងការបង្កើត និងពង្រីកមុខរបរផ្តោតលើការងារផលិតកម្មចិញ្ចឹម និងដាំដុះសម្រាប់បង្កើនប្រាក់ចំណូលគ្រួសារ។




តាមប្រសាសន៍លោកអភិបាលស្រុក ទុនដែលកំពុងផ្តល់ជូនសមាជិកសហគមន៍កសិកម្មត្រូវបានយកទៅប្រើប្រាស់សម្រាប់ ការដាំបន្លែសុវត្ថិភាព ការចិញ្ចឹមមាន់ និងការចិញ្ចឹមជ្រូក។ គម្រោងនេះ មានគោលបំណងជួយបង្កើតការងារ និងមុខរបរ ព្រមទាំងបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជននៅក្នុងសហគមន៍កសិកម្ម។
លោកអភិបាលស្រុក ក៏បានលើកឡើងពីតួនាទីរបស់មន្ត្រីជំនាញ ក្នុងការសម្របសម្រួល និងណែនាំបច្ចេកទេសកសិកម្មសមស្របដល់កសិករ ដើម្បីជំរុញលើការងារដាំដុះ និងចិញ្ចឹមសត្វ ជួយឱ្យកសិករកាត់ បន្ថយថ្លៃដើម និងហានិភ័យ និងទទួលបានទិន្នផលខ្ពស់ ព្រមទាំងប្រាក់ចំណេញពីមុខរបររបស់ខ្លួន។
ជាមួយគ្នានេះ លោក សាយ គឹមឡម បានបញ្ជាក់ថា រដ្ឋបាលស្រុកមានទិសដៅបន្តអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជន នៅ សហគមន៍កសិកម្ម ចំនួន៧ផ្សេងទៀត ដើម្បីពង្រីកការគាំទ្រដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងជួយបង្កើតមុខរបរដែលអាចបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ។






ដោយឡែក តំណាងសហគមន៍សំព្រោជមានជ័យ បានរាយការណ៍អំពីការអនុវត្តការងារ និងការគាំទ្រ ថ្នាក់ជាតិចុះជួយមូលដ្ឋាន ពីគម្រោងអង្គការនានា ដែលសហគមន៍ទទួលបាន រួមមាន: ការកសាងផ្លូវលំចូលទៅកាន់ទីតាំងផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ព្រមទាំងសម្ភារៈ និងឧបករណ៍កសិកម្មមួយចំនួន។
បច្ចុប្បន្ន សមាជិកសហគមន៍បានបន្តដាំដុះបន្លែចម្រុះ និងកំពុងប្រមូលផលជាបន្តបន្ទាប់។ ផលិតផលមួយចំនួន ត្រូវបាននាំទៅលក់បោះដុំ នៅទីផ្សារចុងសប្តាហ៍ និងផ្សារស្រុកស្ទោងអភិវឌ្ឍន៍ ដែលជាផ្នែកមួយនៃការបង្កើតប្រាក់ចំណូលសម្រាប់សមាជិកសហគមន៍។
លោក កាំង សុផាន់ណា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្ទោង ក៏បានលើកឡើងពីការចងក្រងសមាជិកសហគមន៍ជាក្រុមផលិតនីមួយៗដើម្បីជួយពង្រឹងដល់សហគមន៍កសិកម្មឲ្យមានផលិតផលជាក់លាក់ រៀបចំផែនការដាំដុះភ្ជាប់ទៅកាន់ទីផ្សារ កាត់បន្ថយចំណាយផលិតកម្ម និងការផ្សារភ្ជាប់ជាមួយវិស័យឯកជន ដៃគូអភិវឌ្ឍន៍ព្រមទាំងការគាំទ្របច្ចេកទេស និងការកៀងគរធនធាននានា ដើម្បីជួយដល់សហគមន៍កសិកម្ម។




ការចុះជួប និងពិនិត្យវឌ្ឍនភាពនៅសហគមន៍កសិកម្មសំព្រោជមានជ័យនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីការអនុវត្តគម្រោង ស្ថានភាពមុខរបរ និងតម្រូវការរបស់កសិករ ដើម្បីជាមូលដ្ឋានសម្រាប់ការសម្របសម្រួល និងបន្តគាំទ្រការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជននៅមូលដ្ឋាន។ អត្ថបទលោក ប៉ាត ពណ្ណរាយ
