ខេត្តបាត់ដំបង៖ ស្លាប់ភ្លាមៗមួយនាក់និង០១នាក់ទៀតរងរបួសស្រាល ខណៈដើរដាក់អន្ទាក់សត្វជាន់ប៉ះគ្រាប់មីនបណ្តាលអោយផ្ទះ។
លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ដោយគ្រាប់យុទ្ធភ័ណ្ឌខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចអូរទ្រូងអណ្តើក ស្ថិតក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ។

ជនរងគ្រោះខាងលើ ទី១/ឈ្មោះ លឿង ពុធ ភេទប្រុស អាយុ៦៣ឆ្នាំ(ស្លាប់)
២/ឈ្មោះ ធាង ធួន ភេទប្រុស អាយុ១៨ឆ្នាំ (របួសស្រាល)
អ្នកទាំងពីរជាប្រជាពលរដ្ឋរស់នៅភូមិបុសខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។

លោកបញ្ជាក់បន្ថែមថា នៅមុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់បាននាំមកស៉ីឈ្នួលដាំដំឡូងនៅក្បែរចំណុចកើតហេតុខាងលើ ហើយក្រោយទំនេរពីការងារពួកគេក៏នាំគ្នាដើរដាក់អន្ទាក់ទទា នៅតំបន់ចំការមីនហើយក៏ជាន់ប៉ះមីនប្រភេទ69បណ្តាលអោយផ្ទុះស្លាប់និងរបួសតែម្តង។

ក្រោយពេលកើតហេតុសាកសពខាងលើត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីនៅភូមិបុសខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់
ដោយឡែកអ្នករងរបួសត្រូវបានដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកមោងឬស្សីផងដែរ។

