ខេត្តកំពងធំ ៖ ពលរដ្ឋរស់នៅក្នុងតំបន់អូបឹងរូងចោទលោក ហេង ទ្រី មន្ត្រីស្ថានីយ៍ដាំកូនឈើ និងមន្ត្រីនគរបាលម្នាក់ទៀតឈ្មោះ ឈឹម វណ្ណារិទ្ធថា បានកាប់បំផ្លាញ ដំណាំចន្ទី ដោយរារាំងមិនឲ្យពួកគាត់ដាំដុះអាស្រ័យផល គឺផ្ទុយពីសេចក្តីសម្រេចរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ។


តាមប្រភពព័ត៏មានពីពលរដ្ឋថា លោក ហេង ទ្រី ដែលគេស្គាល់គាត់ថា ជាមន្ត្រីស្ថានីយ៍ដាំកូនឈើ និងជាមេឈ្មួញកាត់ឈើលក់អុសជុំវិញព្រៃអង់តែន រហូតក្លាយទៅជាវាលអង់តែនទៅហើយនោះ នៅមានមុខងារមួយទៀតដែលប្រជាពលរដ្ឋហៅលោក ហេង ទ្រី ថាជាមេប៉ុស្តិ៍កុងត្រូលជជុះដាក់ស្ទាក់ចាប់អ្នកដឹកឈើ ឬអុសណាដែលមិនចូលបង់លុយឱ្យប៉ុស្តិ៍គាត់ គឺចាប់ទំលាក់យកឈើទុក ដោយមានការចូលរួមសហការពី មន្ត្រីនគរបាលម្នាក់ទៀតដែលមានឈ្មោះ ឈឹម វណ្ណារិទ្ធ មកពីស្រុកតាំងគោកខាងរដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំ ស្នើឱ្យមកយាមស្ថានីយដាំកូនឈើ។


ប្រភពបាន បង្ហើប ឱ្យដឹងថា ដីបម្រុងដាំកូនឈើនោះ បានធ្លាក់ទៅលើក្រុមឈ្មួញមានលុយមានអំណាចធំៗមកពីខេត្តកំពង់ចាម ស្ទើរតែអស់ទៅហើយ វាក្លាយ ទៅជា មុខជំនួញដីធ្លីយ៉ាងគគ្រឹកគ្រេង ក្រោមក្រសែភ្នែកលោក ហេង ទ្រី ជាមន្ត្រី ជាប់កិច្ចសន្យា របស់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ជាអ្នកទទួលភារកិច្ច ឈូសឆាយដីនៅស្ថាននីយ៍បម្រុងដាំឈើកូននៅទីនោះ។ ចំណែកឯប្រជាពលរដ្ឋ ៤២គ្រួសាររួមមានដី ៧៨ហិកតា មួយគ្រួសារពីរហិកតា គ្រួសារខ្លះតែមួយហិកតាប៉ុណ្ណោះ លោក ហេង ទ្រី មកកាប់បំផ្លាញទ្រព្យសម្បតិ្តនិងដំណាំចន្ទី ក្នុងផ្ទៃដី ៧៨ ហិកតាដែលឯកឧត្តម សុខលូ អភិបាលខេត្ត សម្រេចឲ្យអាស្រ័យផលបណ្ដោះអាសន្នហើយនោះមិនថាយប់ឬថ្ងៃទេ សុំបីតែពួកគាត់យកម៉ាស៊ីនកាត់ស្មៅសម្អាតដើម្បីអាស្រ័យផល ក៏លោក ហេង ទ្រី មកគំរាមកំហែងកាប់បំផ្លាញខ្ទម និងដំណាំចន្ទីចោលអស់ដែរ។


សូមរំលឹកឡើងវិញថា កាលពីឆ្នាំ២០១៨ ខែមិថុនាថ្ងៃទី២០ វេលាម៉ោង ៨.០០ព្រឹក នៅសាលាខេត្តកំពង់ធំមានបើកកិច្ចប្រជុំមួយស្ដីអំពីការពិភាក្សាដោះស្រាយករណីទំនាស់ដីធ្លី ។ ដោយឡែកនៅក្នុងរបៀបវារៈទី៤បានលើកឡើងថា ករណីប្រជាពលរដ្ឋ ៤២ គ្រួសារសុំជួយដោះស្រាយវិវាទដីធ្លីចំនួន ៧៨ ហិកតាជាមួយរដ្ឋបាលព្រៃឈើកំពង់ធំ នៅតំបន់អូរបឹងរូង ក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ! ដោយសារឯកឧត្តម សុខ លូ អភិបាលខេត្តបានមានប្រសាសន៍លើកឡើងថាករណីប្រជាពលរដ្ឋ ៤២ គ្រួសារបានស្នើសុំជួយដោះស្រាយនេះគឺដីគាត់បានដាំដុះមានស្វាយចន្ទី ខ្នុរ ចេក ដើមធំៗអស់ហើយមានដាំដំឡូងមីពេញផ្ទៃដីទាំងអស់នោះហើយមានផ្ទះសម្បែងនៅទីនោះទៀតផងមិនមានព្រៃទេ។ហើយដីមួយចំនួនមានប័ណ្ណកម្មសិទ្ធិវាស់វែងដោយក្រុមនិស្សិតផង ឯកឧត្តមបានណែនាំឲ្យរដ្ឋបាលព្រៃឈើផ្ដល់លទ្ធភាពជូនប្រជាពលរដ្ឋចូលដាំដុះអាស្រ័យផលធម្មតាសិន។


ឯកឧត្តម ទា ច័ន្ទលីដា អនុរដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្មនិងសំណង់មានមតិថា ករណីប្រជាពលរដ្ឋ ៤២ គ្រួសារនៅតំបន់អូរបឹងរូងក្នុងឃុំក្រយាស្រុកសន្ទុក ខេត្តកំពង់ធំ សុំជួយដោះស្រាយដី ៧៨ ហិកតានិងប្រជាពលរដ្ឋ ១៥១ គ្រួសារតំបន់សូងសាង សុំជួយដោះស្រាយដីចំនួន ៣៤ហិកតានោះ តើក្រុមការងារ បានគូសក្បាលដីធ្វើផែនការរួចហើយ ឬ នៅតាមប្រសាសន៍ឯកឧត្តម អភិបាលខេត្តថាផ្ដល់លទ្ធភាពឲ្យប្រជាពលរដ្ឋអាស្រ័យផល ករណីនេះគួររដ្ឋបាលខេត្តធ្វើសំណើទៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទសុំផ្ដល់ដីសម្បទានសង្គមកិច្ចវិញនៅកម្រិតណាមួយដែលអាចធ្វើទៅបាន។


លោក ម៉ក់ យុទ្ធការ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទសូមឯកភាពតាមប្រសាសន៍របស់ឯកឧត្តមអភិបាលខេត្តថាឲ្យប្រជាពលរដ្ឋអាស្រ័យផលលើដីទំហំ ៧៨ហិកតាជាបណ្ដោះអាសន្នសិន។
លោក មុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មមានមតិថាសូមឯកភាពការសម្រេចរបស់ឯកឧត្តមអភិបាលខេត្ត។


លោក ឈាង មាលា នាយសង្កាត់រដ្ឋបាលព្រៃឈើក្រយាមានមតិថាសូមឯកភាពឲ្យប្រជាពលរដ្ឋចូលដាំដុះអាស្រ័យផលតាមប្រសាសន៍ឯកឧត្តមអភិបាលខេត្ត។
លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្តមានមតិថា សូមឯកភាពតាមការសម្រេចរបស់ឯកឧត្តមអភិបាលខេត្តក្នុងការឲ្យប្រជាពលរដ្ឋចូលទៅអាស្រ័យផលជាបណ្ដោះអាសន្នសិនពីព្រោះមានដំណាំធំៗអស់ហើយ។
លោក ទូច សុខា អភិបាលស្រុកសន្ទុក មានមតិថា សូមឯកភាពឲ្យប្រជាពលរដ្ឋចូលអាស្រ័យផលជាបណ្ដោះអាសន្នសិនលើដីរបស់គាត់វិញពីព្រោះប្រជាពលរដ្ឋរស់នៅទីនោះហើយជាកម្មករក្រុមហ៊ុន។


លោក អ៊ុ គឹមសុន ប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍនិងសំណង់មានមតិថាសូមឯកភាពទាំងស្រុងតាមប្រសាសន៍ឯកឧត្តមអភិបាលខេត្តពីព្រោះទីតាំងនេះប្រជាពលរដ្ឋខ្លះបានប័ណ្ណកម្មសិទ្ធិដែលវាស់វែងដោយក្រុមនិស្សិតហើយមានដំណាំស្វាយចន្ទីខ្លះជាយូរឆ្នាំមកហើយហើយទីតាំងនេះមិនមាននៅសេសសល់ព្រៃទេគួរតែឲ្យប្រជាពលរដ្ឋចូលទៅអាស្រ័យផលទៅ។


បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងផុលផុសរួចមក អង្គប្រជុំបានឯកភាពគ្នាដូចខាងក្រោម អនុញ្ញាតជូនប្រជាពលរដ្ឋចំនួន ៤២ គ្រួសារលើផ្ទៃដី ៧៨.៩១ហិកតា នៅតំបន់អូរបឹងរូបក្នុងឃុំក្រយាឲ្យចូលទៅអាស្រ័យផលលើផ្ទៃដីរបស់ខ្លួនជាបណ្ដោះអាសន្នសិន។រដ្ឋបាលស្រុកសន្ទុកត្រូវផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានជ្រាបពីករណីនេះ។

ទាក់ទិនក្នុងរឿងដ៏សែនស្មុគស្មាញខាងលើនេះអ្នកសារព័ត៌មានយើងជាច្រើនអង្គភាពបានចុះទៅដល់ទីតាំងកន្លែងកើតហេតុហើយបាន សុំអនុញ្ញាត ជួបសម្ភាសន៍ ជាមួយលោក ហេង ទ្រី នៅទីតាំងស្ថានីយដាំកូនឈើលោកហេងទ្រីបានបង្ហាញឯកសារចំនួនពីរច្បាប់ឱ្យមកអ្នកសារព័ត៌មានយើងខ្លឹមសារឯកសារនោះដូចយើងបានសរសេរឡើងវិញខាងលើ ក្រុមអ្នកសារព័ត៌មានយើងបានតាំងសំនួរសួរលោក ហេង ទី្រថា លោកមានឯកសារនេះដែរ មូលហេតុអី្វបានជាលោកមិនអនុវត្តតាមសម្រេចអង្គប្រជុំដោះស្រាយវិវាទដីធ្លីរបស់ថ្នាក់ខេត្ត?។


(លោក ហេង ទ្រី ឆ្លើយថា)បានជាខ្ញុំមិនអនុវត្តតាមព្រោះមានអ្នកធំម្នាក់បានបញ្ជាខ្ញុំ ពេលនោះលោក ហេង ទ្រី បានយកទូរស័ព្ទរបស់គាត់ចាក់សារសំលេងរបស់លោក ទូច សុខា អភិបាលស្រុកសន្ទុកដែលបានបញ្ជាលោក ហេង ទ្រីថាលោកមើលទាំងអស់ហ្នឹងបើសិនជាមានដាំដំណាំត្រូវធ្វើកុំឲ្យដំណាំនោះដុះបាន។
អ្នកវិភាគខ្លះគ្រាន់តែឮសារបស់លោក ទូច សុខា អភិបាលស្រុកសន្ទុកភ្លាមបានលាន់មាត់ថាសារសម្លេងមួយឃ្លានេះស្មើនឹងបញ្ជាឲ្យលោក ហេង ទ្រី ទៅដកចោលឬកាប់បំផ្លាញដំណាំ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋទាំងនោះចោល។


ប្រជាពលរដ្ឋ បាន អំពាវនាវ ដល់ ឯកឧត្តម វេ ង សុខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទព្រមទាំងឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំ មេត្តាជួយទប់ស្កាត់មន្ត្រីខិលខូចកំពុងកេងប្រវ័ន្ដយកធ្វើជាផលប្រយោជន៍ ផ្ទាល់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់មន្ត្រីស្អាតស្អំ ក្នុងក្រសួងកសិកម្ម ក៏ដូចជាថ្នាក់ដឹកនាំក្នុងខេត្តកំពង់ធំ៕