ប្រធានមន្ទីរបរិស្ថានស្ដីទីខេត្ដព្រះវិហារ ត្រូវបានអង្គភាពប្រឆាំងអំពើរពុករលួយឲ្យចូលខ្លួនបំភ្លឺ

ខេត្ដព្រះវិហារ៖ តាមប្រភពព័ត៌មាននៅខេត្ដព្រះវិហារបានឲ្យដឹងថា លោក សុង ច័ន្ទសុជាតិ ប្រធានស្ដីទីនៃមន្ទីរបរិស្ថានខេត្តព្រះវិហារត្រូវ បានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅឲ្យចូលខ្លួនទៅបំភ្លឺភាពមិន ប្រក្រតីនិងបក្ខពួកនិយមដែលបានបំផ្លិចបំផ្លាញព្រៃឡង់។
ក្នុងនោះផងដែរក៏មានលោក សោម រដ្ឋា មន្ដ្រីនៃមន្ទីរបរិស្ថានខេត្តព្រះវិហារនិងសហគមន៍ព្រៃឈើដែលគេសង្ស័យថាបានឃុបឃិតគ្នាជាមួយ ឈ្មួញឈើខុសច្បាប់និងបានឈូសឆាយដីព្រៃដោយខុសច្បាប់ផងដែរ។បើតាមពាក្យបណ្ដឹងមកអង្គភាពប្រឆាំងអំពើពុករលួយទទួលបាននៅ ថ្ងៃទី២៨ខែមេសា ឆ្នាំ ២០២០ និងស្មារតីអង្គប្រជុំពិនិត្យពាក្យបណ្ដឹងនៅថ្ងៃទី២៩ខែមេសា បានជម្រាបជូនលោក សុង ច័ន្ទសុជាតិ ប្រធានស្ដីទីថា អង្គភាពប្រឆាំងអំពើពុករលួយបានទទួលនិងពិនិត្យពាក្យប្ដឹងដែលបាន លើកឡើងថាឈ្មោះ សោម រដ្ឋា មន្ដ្រីបរិស្ថានខេត្តព្រះវិហារនិងសហគមន៍ព្រៃឈើបានទារប្រាក់ពីឈ្មួញដឹកឈើព្រៃឡង់ ក្នងមួយគោយន្ដចាប់ពី ៨០.០០០រៀលដល់១០០.០០០ រៀល ។

អង្គភាពប្រឆាំងអំពើពុករលួយបានជម្រាបជូនបន្ដថាមន្ដ្រីបរិស្ថាន បានឃុបឃិតគ្នាជាប្រព័ន្ឋជាមួយឈ្មួញឈើមានលុយម្នាក់នៅភូមិពើក ហើយប្រសិនបើគោយន្ដមិនមែនជាអ្នកលក់ឈើឲ្យឈ្មោះឡេង នោះទេ គឺមិនឲ្យដឹកចេញពីភូមិពើក ឡើយ ទោះបីជាគោយន្ដនោះបានបង់ប្រាក់ ចេញពីព្រៃមកក៏ដោយ ក៏មន្ដ្រីបរិស្ថាននៅតែចាប់ឲ្យបង់ប្រាក់ម្ដងទៀតចំនួន១.០០០.០០០រៀល។

បើតាមប្រភពដដែលទទួលបានឈ្មោះ ឡេង និងឈ្មោះ ឌី កំពុងតែឃុបឃិតគ្នាជាមួយក្រុមគោយន្ដចូលទៅកាប់ឈើនៅក្នុងព្រៃឡង់ដោយសេរី ហើយ គោយន្ដរបស់ពួកគេចូល ទៅដឹកជញ្ជូនឈើក្នុងមួយថ្ងៃ៣ជើងទៅ៥ជើងដោយមាន មេក្លោងឈ្មោះ ឌី ឈ្មោះ រឿន ឈ្មោះ ម៉េត និងឈ្មោះ យាយ លែន ជាអ្នកដើរប្រមូលទិញឈើពីអ្នកស្រុកដែលបានចុះទៅអារឈើក្នុងព្រៃឡង់ នៅជុំវិញភូមិទ្រា និង ភូមិពើក ដោយ សហការ ជាមួយ មន្ដ្រីបរិស្ថាន សហគមន៍ព្រៃឈើ និងមន្ដ្រីប៉ុស្ដិ៍រដ្ឋបាល។សូមបញ្ជាក់ថា ឈ្មោះ ឆាយ គឹមហូវ មានប្ដី មុខងារ ជាមេព្រៃ (ផ្នែករដ្ឋបាលព្រៃឈើ) មាន ឡាន សាំយ៉ុង ០២គ្រឿង និងឡាន ធំកង់១០ ចំនួន ០២គ្រឿង កំពុងតែដឹកជញ្ជូនឈើនៅតំបន់ព្រៃឡង់នោះផងដែរ។

ពាក់ព័ន្ធបញ្ហាខាងលើនេះលោក សុង ច័ន្ទសុជាតិ ប្រធានស្ដីទី នៃមន្ទីរបរិស្ថាន ខេត្តព្រះវិហារបានឲ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នាពេលថ្មីនេះថា លោកក៏ទទួលបានលិខិតកោះអញ្ជើញរបស់អង្គភាព ប្រឆាំងអំពើពុករលួយផងដែរហើយរូបលោកកំពុងបើកការស្រាវជ្រាវ ដើម្បីរៀបចំឯកសារឆ្លើយជូនអង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃខាងមុខ៕
